Saturday, October 24, 2026

មនុស្ស ២៥នាក់ស្លាប់ និង ៣០នាក់រងរបួសក្នុងការវាយប្រហារដោយមីស៊ីលលើមូលដ្ខានយោធាមួយនៅយ៉េមែន

0

ប្រទេសយ៉េមែន៖ យ៉ាងហោចណាស់ទាហាន ២៥នាក់តបានស្លាប់ និងជាង ៣០នាក់រងរបួសកាលពីថ្ងៃចន្ទ ទី១៩ ខែតុលា បន្ទាប់ពីមីស៊ីល ៣គ្រាប់បានវាយប្រហារលើមូលដ្ឋានហ្វឹកហ្វឺនយោធារបស់រដ្ឋាភិបាលមួយនៅខេត្តស្ហាបវ៉ា (Shabwa) ភាគអាគ្នេយ៍ប្រទេសយ៉េមែន នេះបើយោងតាមប្រភពមន្ត្រីយោធារបស់រដ្ឋាភិបាល និងប្រភពវេជ្ជសាស្ត្រនៅក្នុងស្រុកដែលបានប្រាប់អ្នកសារព័ត៌មាន។ មន្ត្រីយោធាក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មីស៊ីលទាំង ៣គ្រាប់បានវាយប្រហារលើមូលដ្ឋានអាល អាឡាម (Al-Alam) ជាពិសេសលើជំរុំហ្វឹកហ្វឺនមួយនៅក្នុងមូលដ្ឋាននោះ ស្ថិតក្នុងស្រុកចារដាន (Jardan) ក្បែរទីក្រុងអាថាក (Ataq)។ មន្ត្រីរូបនេះបានចោទប្រកាន់ក្រុមហ៊ូធីថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

វីដេអូដែលកំពុងចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញពីអ្នករងគ្រោះជាច្រើននាក់នៅកន្លែងកើតហេតុ។ ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរបួសជាចំនួនបថមនៅឡើយទេ ហើយអាចនឹងកើនឡើងបន្ថែមទៀត។ ក្រុមគ្រូពេទ្យ និងភ្នាក់ងារសង្គ្រោះបន្ទាន់បានបន្តជម្លៀសអ្នករងរបួសទៅកាន់មន្ទីពេទ្យនានាក្នុងខេត្តស្ហាបវ៉ា (Shabwa)។ ប្រភពដដែលបានបញ្ជាក់ថា សាកសពមួយចំនួនដែលរកឃើញនៅក្នុងមូលដ្ឋានយោធានោះបានរងការឆេះយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យការកំណត់ចំនួនអ្នកស្លាប់ចុងក្រោយមានការលំបាក។

អាល អាឡាម (Al-Alam) គឺជាមូលដ្ឋានយោធាដ៏ធំមួយនៅក្នុងស្រុកចារដាន (Jardan) ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងដែលគាំទ្ររដ្ឋាភិបាលយ៉េមែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងទទួលបានការគាំទ្រពីកងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ូធីមិនទាន់បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ហេតុការណ៍នេះបានកើតឡើងចំពេលមានការប្រយុទ្ធគ្នា និងការវាយបកគ្នាទៅវិញទៅមករវាងក្រុមហ៊ូធី​ និងកម្លាំងរដ្ឋាភិបាលដែលទទួលបានការគាំទ្រពីកងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត កំពុងកើនឡើងនៅតាមសមរភូមិជាច្រើនក្នុងប្រទេសយ៉េមែន។

គួរបញ្ជាក់ផងដែរថា ប្រទេសយ៉េមែនបានធ្លាក់ចូលក្នុងជម្លោះតាំងពីចុងឆ្នាំ២០១៤ មកម្ល៉េះ ​នៅពេលដែលក្រុមហ៊ូធីដណ្តើមបានទីក្រុងសាណា និងតំបន់ជាច្រើននៅភាគខាងជើងប្រទេស។ នៅឆ្នាំ ២០១៥ កងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here