លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ទទួលបាន​នូវ​អំណាច​ថ្មី​ដ៏​ធំ​ជុំវិញ​អ៊ីនធឺណិត

0

តាម​ការចុះផ្សាយ​របស់ The Washington Post បាន​ឲ្យ​ដឹងថា លោក​ត្រាំ នឹង​ចេញ​បទបញ្ជា​ឲ្យ​មានការ​កែសម្រួល ឬ​ដកចេញ​នូវ​អភ័យឯកសិទ្ធិ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទទួល​បាន ក្រោម​មាត្រា ២៣០ នៃ​ច្បាប់​ប្រាស្រ័យ​ទាក់ទង។មាត្រា ២៣០ ដែល​ពេលខ្លះ​គេ​ចាត់ទុក​វា​ថា​ជា​ច្បាប់​សំខាន់​ជាងគេ​លើ​អ៊ីនធឺណិត គឺអាច​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​រួចផុត​ពី​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​សម្រាប់​មាតិកា​ដែល​អ្នកប្រើប្រាស់​របស់​ពួកគេ​បាន​បង្ហោះ។

លោក ដូ​ណា​ល់ ត្រាំ ចាត់ទុកថា​ការធ្វើ​បែបនេះ​គឺ​ដើម្បី​ការពារ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ពលរដ្ឋ​អាមេរិក។ គួរ​ដឹងថា​លោក ត្រាំ បានប្រកាស​អំពី​គម្រោងការ​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​នេះ ក្រោយពី​បណ្ដាញ Twitter បានដាក់​សម្គាល់​លើ​សារ​ចំនួន​ពីរ​ដែល​លោក​ត្រាំ បាន​បង្ហោះ​កាលពីដើម​សប្ដាហ៍ ថា​ជា​ព័ត៌មាន​មិន​ពិត។

Twitter និយាយថា​ការ​បង្ហោះ​ទាំងពីរ​គឺមាន​ការអះអាង​ខុសពី​ការពិត​អំពី​ការបោះឆ្នោត​ពី​ចម្ងាយ​តាមរយៈ​ការផ្ញើ​សំបុត្រ ហើយ Twitter បាន​បន្ថែម​តំណ​ភ្ជាប់​ជាមួយ​ការ​បង្ហោះ​ទាំងពីរ ទៅកាន់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ផ្ទៀងផ្ទាត់​ទៀតផង។

ដោយឡែក​អ្នកនាំពាក្យ​របស់ Facebook និយាយថា​ពួកគេ​មាន​ទិសដៅ​ផ្សេង​ខុសពី Twitter។ Facebook នៅតែ​ដាក់​សម្គាល់​លើ​ការ​បង្ហោះ​ណា​ដែលជា​ដំណឹង​មិន​ពិត ប៉ុន្តែ​លើកលែង​ចំពោះ​ការ​បង្ហោះ​ចេញពី​អ្នកនយោបាយ ព្រោះ Facebook និយាយថា​ខ្លួន​មិនគួរ​ដើរតួ​ធ្វើជា​អ្នកបែងចែក​ព័ត៌មាន​ណា​ពិត ព័ត៌មាន​ណា​មិន​ពិត ទាក់ទង​នឹង​នយោបាយ​នោះទេ។

ក្រឹត្យច្បាប់​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ប្រសិនបើ​វា​ចូល​ជា​ធរមាន​មែន នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ទំនងជា​ត្រូវ​រង​ការដាក់​ពាក្យបណ្ដឹង ដោយសារ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​បង្ហោះ​របស់​អ្នកប្រើប្រាស់​រាប់ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here