កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Zoom ត្រូវបានគេរិះគន់ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ end-to-end encryption ដែលពុំមានសុវត្ថិភាព។
ដើម្បីជៀសវាងការបាត់បង់ប្រជាប្រិយភាព Zoom ក៏បានសន្យាថា នឹងធ្វើការកែសម្រួលប្រព័ន្ធ encryption របស់ខ្លួនឱ្យមានភាពប្រសើរឡើង ឱ្យត្រូវទៅនឹងស្តង់ដារ encryption GCM AES 256-bit ដែលជា encryption មានស្តង់ដារខ្ពស់ដែលពិបាកនឹងបំបែក។ ប៉ុន្តែក្រោយមកបន្តិច Zoom បែរជាប្រកាសថាប្រព័ន្ធ encryption ថ្មីនេះគឺសម្រាប់តែអតិថិជនដែលបានបង់លុយប៉ុណ្ណោះ។
ការប្រកាសនេះត្រូវបានរងការរិះគន់ជាថ្មី ពីអ្នកប្រើប្រាស់ និងសមាជិកសភានៅសហរដ្ឋអាមេរិក។ សមាជិកសភា Sherrod Brown នៃរដ្ឋ Ohio និងលោក Richard Blumenthal នៃរដ្ឋ Connecticut បានធ្វើការវាយប្រហារដោយប្រើសម្ដីធ្ងន់ៗនៅពេលដែល Zoom ប្រកាសមិនផ្ដល់ end-to-end encryption ដល់អ្នកប្រើប្រាស់ ដូចដែលក្រុមហ៊ុនបានសន្យាកាលពីពេលកន្លងទៅ។
ដោយសារមានប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងសុវត្ថិភាព និងឯកជនភាព របស់អ្នកប្រើប្រាស់នេះ ទើបក្រុមហ៊ុន Zoom បានប្រកាសកាលពី២ថ្ងៃមុនថា នឹងដាក់ឱ្យប្រើប្រាស់មុខងារ end-to-end encryption ដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែសម្រាប់អតិថិជនដែលមិនបង់លុយ ក្រុមហ៊ុនទាមទារឱ្យមានការបញ្ចូលលេខទូរសព្ទ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថាមុខងារ end-to-end encryption នេះគឺមានសម្រាប់តែ Video conferencing ប៉ុណ្ណោះគឺមិនមានសម្រាប់ការផ្ញើសារនោះទេ៕









