Google នឹង​លុបចោល​ព័ត៌មាន​អ្នកប្រើប្រាស់​ដែល​ខ្លួន​ប្រមូលបាន​ដោយ​ស្វ័យប្រវត្តិ ក្រោយ​រយៈពេល ១៨ខែ

0

ក្រុមហ៊ុន Google បានប្រកាសថា ខ្លួន​នឹង​លុបចោល​ដោយ​ស្វ័យប្រវត្តិ​នូវ​ទិន្នន័យ​មួយចំនួន ដែល​ខ្លួន ប្រមូល​ពី​អ្នកប្រើប្រាស់ ក្រោយ​រយៈពេល១៨ខែ។

ការកែសម្រួល​គោលការណ៍​ឯកជន​ភាព​សម្រាប់​អ្នកប្រើប្រាស់​របស់ខ្លួន ធ្វើឡើង​ស្របពេល​ដែល​វែបសាយ​ស្វែងរក​ព័ត៌មាន​ដ៏​ធំ​បំផុត​លើ លោក​មួយ​នេះ ប្រឈម​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​របៀប​នៃ​ការប្រមូល​ទិន្នន័យ​ពី​អ្នកប្រើប្រាស់។

ច្បាប់ឯកជន​ភាព​អ្នកប្រើប្រាស់​នៅក្នុង រដ្ឋកា​លី​ហ្វ​រ​ញ៉ា​នៃ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា-អ៉ី​ធើ​ណិ​ត​នានា ផ្លាស់ប្តូរ​របៀបរបប​ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់ ក្នុងអំឡុង ពេល​ប្រមាណ​ជា២ឆ្នាំ​កន្លងទៅនេះ។

នៅក្រោម​គោលការណ៍​ថ្មី​ខាងលើ ប្រវត្តិ​នៃ​ការមើល​វីដេអូ​របស់​អ្នកប្រើប្រាស់ YouTube ដែល​ស្ថិតក្រោម Google នឹងត្រូវ​លុបចោល​ទៅ វិញ ក្រោយ​រយៈពេល៣៦ខែ ខណៈ​ប្រវត្តិ​ទីតាំង និង​ប្រវត្តិ​នៃ​ការស្វែងរក​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​នៅលើ​វែបសាយ Google នឹងត្រូវ​លុប​នៅ ក្រោយ​រយៈពេល១៨ខែ។

គួរ​ជម្រាប​ថា ចំណូល​ភាគច្រើន​របស់ Google គឺ​បានមកពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែលជា​ទូទៅ​ត្រូវ​ពឹង​ផ្អែកទៅលើ​ទិន្នន័យ​អ្នកប្រើប្រាស់ ដូចជា​ថា​តើ​ពួកគេ​បាននិងកំពុង​ស្វែងរក​ឬ​មើល​អ្វី និង​ស្ថិតនៅ​ទីកន្លែង​ណា​ជាដើម។

កាលពី​ឆ្នាំមុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet ដែល ជា​ក្រុមហ៊ុនមេ​ធំ​របស់ Google បាន​ទទួលស្គាល់ថា ក្រុមហ៊ុន​ហាក់​ពិតជា​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ លើសពី​ភាពចាំបាច់​សម្រាប់ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប៉ុន្តែ​បាន​ប្តេជ្ញា​ថា​នឹង​បន្ថយ​ការប្រមូល​ទិន្នន័យ​នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here