សិង្ហ​បុរី ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើ​ឧបករណ៍​តាមដាន​ជំងឺ​កូ​វីដ១៩ ដោយ​មិនចាំបាច់​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន 

0

សិង្ហ​បុរី​បានចាប់ផ្តើម​ប្រគល់​ឧបករណ៍​ប្ល៊ូ​ធូ​ស​តាមដាន​ការប៉ះពាល់​គ្នា​រវាង​មនុស្ស​និង​មនុស្ស ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា។

ឧបករណ៍​ឈ្មោះ TraceTogether គឺជា​ជម្រើស​មួយ​សម្រាប់​ជំនួស​កម្មវិធី​ស្មា​ត​ហ្វូ​ន​របស់​រដ្ឋាភិបាល​ដើម្បី​តាមដាន​ការប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស។ ឧបករណ៍​ទាំងនេះ​គឺ​ផ្តោតទៅលើ​មនុស្ស​ដែល​មិនមាន​ឬ​មិន​ចូលចិត្ត​ប្រើ​ទូរស័ព្ទ​ចល័ត។ ការប្រកាស​អំពី​ឧបករណ៍​នេះ​ត្រូវបាន​ឆ្លើយតប​ដោយ​ការព្រួយបារម្ភ​មួយចំនួន​ជុំវិញ​ឯកជន​ភាព។

ឧបករណ៍​នេះ​មួយ​សំណុំ​ដំបូង​នឹងត្រូវ​ចែកចាយ​ឱ្យទៅ​មនុស្ស​ចាស់​ងាយ​រងគ្រោះ​ដែល​មានការ​ទំនុកបម្រុង​តិចតួច​ឬ​គ្មាន​គ្រួសារ​ឬ​មាន​បញ្ហា​ក្នុង​ការធ្វើ​បំលាស់​ទី។ ឧបករណ៍​នេះ​មាន​លេខ​កូដ QR ពិសេស ហើយ​មិនចាំបាច់​បញ្ចូល​ថ្ម​ទេ ព្រោះ​វា​មាន​អាយុកាល​ថ្ម​រហូតដល់ ៩ ខែ។ ឧបករណ៍​នេះ​ដំណើរការ​ដោយ​ការដោះដូរ​សញ្ញា​ប្ល៊ូ​ធូ​ស​ជាមួយ​ឧបករណ៍ TraceTogether ដទៃទៀត ឬ​ស្មា​ត​ហ្វូ​នក្បែរៗនោះ ដែល​កំពុងបើក​កម្មវិធី TraceTogether ។

អ្នកប្រើប្រាស់​នឹងត្រូវ​បាន​ជូនដំណឹង​ដោយ​មន្ត្រី​ដែល​តាមដាន​ការប្រាស្រ័យ​ទាក់ទង​គ្នា ប្រសិនបើ​ពួក​មន្ត្រី​រកឃើញ​អ្នកប្រើប្រាស់​នោះ​ស្ថិតនៅ​កៀក​នឹង​អ្នក​ដែល​កើត​កូ​វីដ១៩ ។ បន្ទាប់មក ប្រសិនបើ​ពួកគេ​ត្រូវបាន​បញ្ជាក់ថា​កើត​កូ​វីដ១៩ នោះ​ទិន្នន័យ​នឹងត្រូវ​ដោ​ន​ឡូត​ពី​ឧបករណ៍​នេះ​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here