គណៈកម្មការ​អឺរ៉ុប​បានចេញ​នូវ​ក្បួនច្បាប់ ដែល​កំណត់​ពី​លក្ខណៈ​រូបវន្ត​និង​បច្ចេកទេស​នៃ​អង់​តែ​ន 5G

0

នៅ​ថ្ងៃ​អង្គារ ទី៣០ ខែមិថុនា​គណៈកម្មការ​អឺរ៉ុប បាន​បោះជំហាន​ដើម្បី​ព​ន្លឿ​ន​ការដាក់​ពង្រាយ​ប្រព័ន្ធ​សេវា​ល្បឿន​លឿន​ជំនាន់​ថ្មី 5G នៅ​សហភាព​អឺរ៉ុប តាមរយៈ​ការកំណត់​នូវ​ក្បួនច្បាប់​សម្រាប់​បណ្តាញ​អង់​តែ​ន​តូច ដែលជា​គន្លឹះ​សំខាន់​សម្រាប់​ការពង្រីក​ទំហំ​ទិន្នន័យ និង​វិសាលភាព​សេវា។

លោក ធឺ​រី ប្រេ​តុង (Thierry Breton) ដែលជា​ឧ​ត្ត​ម​ស្នងការ​វិស័យ​ឧស្សាហកម្ម​របស់​សហភាព​អឺរ៉ុប បាន​និយាយថា បណ្តាញ​សេវា​ឥត​ខ្សែ 5G តំណាង​ឲ្យ​សសរស្តម្ភ​នៃ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​សម្រាប់​តំបន់​អឺរ៉ុប ដោយសារ​វា​នឹង​អនុញ្ញាត​ឲ្យ​មាន​វឌ្ឍនភាព​កាន់តែខ្លាំង នៅក្នុង​ផ្នែក​ថែទាំ​សុខភាព ថាមពល ដឹកជញ្ជូន អប់រំ និង​វិស័យ​ជាច្រើន​ផ្សេងទៀត។

គណៈកម្មការ​អឺរ៉ុប​បានចេញ​នូវ​ក្បួនច្បាប់ ដែល​កំណត់​ពី​លក្ខណៈ​រូបវន្ត​និង​បច្ចេកទេស​នៃ​អង់​តែ​ន 5G តូចៗ រួមមាន​ដូចជា​ការដាក់​កំហិត​កុំ​ឲ្យ​ពួកវា​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព ការកំណត់​លើ​ទំហំ​និង​ថាមពល​របស់​អង់​តែ​ន​ទាំងនោះ ព្រមទាំង​រូបរាង​របស់​ពួកវា​ជាដើម។

គួរ​ជម្រាប​ថា អង់​តែ​នតូចៗទាំងនេះ ត្រូវគេ​មើលឃើញថា មាន​សារសំខាន់​ជាខ្លាំង សម្រាប់​តំបន់​ទីប្រជុំជន សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន និង​រោងចក្រ​ផលិត​ទំនិញ ដោយសារតែ​ពួកវា​អាច​ផ្ទុក​ទំហំ​ទិន្នន័យ​បាន​ធំ​គួរសម និង​អាច​ស្ថិត​ជិត​អតិថិជន ហើយក៏​មានតម្លៃ​ធូរ​ថ្លៃ​ជាង​អង់​តែ​នធំៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here