ក្រុមហ៊ុន Facebook បាន​ចែករំលែក​ព័ត៌មាន​អ្នកប្រើប្រាស់​ទៅឱ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ជាច្រើន​ដោយ​ពុំមាន​ការអនុញ្ញាត

0

ក្រុមហ៊ុន Facebook ត្រូវបាន​គេ​រកឃើញ​កំហុស​ថ្មី​មួយទៀត​ហើយ ទាក់ទិន​នឹង​ការច្រឡំ​អនុញ្ញាតឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ជាង ៥,០០០នាក់ ចូល​ប្រើ​គណនី​របស់​អ្នកប្រើប្រាស់​តាមរយៈ​ចន្លោះប្រហោង​នៃ​កម្មវិធី​នេះ។

ការ​លេច​ធ្លាយ​នេះ​បាន​បង្ហាញថា​ក្រុមហ៊ុន Facebook មិនបាន​គោរព​តាមច្បាប់​របស់ខ្លួន​ក្នុង​ការទាញយក​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ហាមឃាត់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ពី​ការទាញយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បាន​ដោយ​ស្វ័យប្រវត្តិ នៅពេល​ដែល​ពួកគេ​ឈប់​ចូល​ប្រើ​កម្មវិធី​នោះ​ក្នុង​រយៈពេល៩០ថ្ងៃ ចុងក្រោយ។

ក្រោយពី​ពេលវេលា​កំណត់​បានមក​ដល់ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ត្រូវសុំ​ការអនុញ្ញាត​ពី​ក្រុមហ៊ុន Facebook ដើម្បី​ទាញយក​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ ប៉ុន្តែ​ពួកគេ​នៅតែ​ធ្វើ​ដោយ​មិនបាន​គោរព​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ឡើយ។

លោក Konstantinos Papamiltiadis អនុប្រធាន​ដៃគូ​អ្នកបង្កើត​កម្មវិធី​រប​ស់ Facebook បានឱ្យដឹងថា ពួកគាត់​បាន​រកឃើញ​ពី​ការទាញយក​ទិន្នន័យ​ដែល​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅតែ​អាច​បន្ត​ធ្វើបាន បើទោះបីជា​អ្នកប្រើប្រាស់​មិនបាន​ប្រើ​កម្មវិធី​រយៈពេល ៩០ថ្ងៃ​ហើយក៏​ដោយ។

ជា​ឧទាហរណ៍ ប្រសិនបើ​មាន​អ្នកប្រើប្រាស់​ម្នាក់​បានធ្វើកា​រ​អ​ញ្ចើ​ញ​មិត្តភក្តិ​របស់គាត់​ឱ្យ​ចូលរួម​ហាត់ប្រាណ​នៅលើ​កម្មវិធី Facebook ហើយ​ពួកគាត់​ទាំងអស់​នឹង​ទទួលបាន​ការ​អ​ញ្ចើ​ញ ទោះបី​ជាមាន​អ្នកខ្លះ​មិនបាន​ប្រើប្រាស់​កម្មវិធី​នោះ​ជាច្រើន​ខែ​មកហើយ។ លោក Papamiltiadis ក៏បាន​បន្ថែមទៀតថា Facebook បានធ្វើ​ការកែប្រែ​កំហុសឆ្គង​នោះភ្លាមៗ ផងដែរ នៅពេលដែល​ពួកគាត់​រកឃើញ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​តើ​អ្នកប្រើប្រាស់​ប៉ុន្មាន​អ្នក​ដែល​បាន​ទទួលរង​ផលប៉ះពាល់​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here