Facebook កំពុងតែបញ្ចេញឲ្យអ្នកប្រើប្រាស់នៅប្រទេសឥណ្ឌា សាកល្បងប្រើប្រាស់មុខងារ Reels ដែលមាននៅលើបណ្ដាញសង្គម Instagram របស់ខ្លួន។ Reels នេះជាមុខងារមួយដែលអាចជួយឲ្យអ្នកប្រើប្រាស់បង្កើតនូវវីដេអូរយៈពេល ១៥វិនាទី ដូចជា TikTok ដើម្បីបង្ហោះលើ Instagram Stories ឬផ្ញើចូល DM របស់អ្នកដទៃ ឬបង្ហោះទៅក្នុង Top Reels នៃ Explore Tab។
ការបញ្ចេញឲ្យសាកល្បងប្រើនេះ គឺក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាហាមឈប់ឲ្យប្រើកម្មវិធីចិនចំនួន ៥៩ ដែលក្នុងនោះមាន TikTok ផងដែរ។ វិបសាយ Business Insider បានឲ្យដឹងថាអ្នកប្រើ Instagram មួយចំនួននៅឥណ្ឌា ចាប់ផ្ដើមបានប្រើមុខងារថ្មីនេះហើយ ហើយអ្នកនាំពាក្យ Facebook បញ្ជាក់ថាក្រុមហ៊ុនគ្រោងនឹងបញ្ចេញមុខងារនេះឲ្យកាន់តែទូលំទូលាយ។
មុខងារ Reels បានចាប់ផ្ដើមបញ្ចេញឲ្យប្រើប្រាស់ជាបណ្ដើរៗទៅទូទាំងពិភពលោក ក្រោយពីក្រុមហ៊ុនបានសាកល្បងវានៅប្រទេសប្រេស៊ីលកាលពីឆ្នាំមុនរួច។ កាលពីខែមុន TechCrunch បានផ្សាយដែរថាមុខងារនេះបានពង្រីកដល់ប្រទេសបារាំង និងអាល្លឺម៉ង់ហើយ៕