ក្រុមហ៊ុន VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup បានប្រកាសថាខ្លួនទទួលបានជោគជ័យលើការផលិតស្មាតហ្វូនឈ្មោះថា Vsmart Aris 5G ដែលជាទូរសព្ទមានគាំទ្រនូវប្រព័ន្ធទំនាក់ទំនង 5G ។
ផ្អែកតាមការប្រកាសរបស់ VinSmart បានឲ្យដឹងថា Vsmart Aris 5G មានប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ដែលមាន RAM ទំហំ ៨GB និងអង្គផ្ទុក ១២៨GB ។ វាមានបំពាក់កាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយ ដែលកាមេរ៉ាមេមានទំហំ ៤៨MP និងកាមេរ៉ាមុខ ២០MP ។ អេក្រង់មានទំហំ ៦,៣៩អ៊ីញ ដែលប្រើប្រាស់អេក្រង់ Super AMOLED។
ល្បឿន 5G លើស្មាតហ្វូន Vsmart នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា Sub6 ដែលមានល្បឿនលឿនជាង 4G ជិត ៨ដងឯណោះ។ ល្បឿននេះអាចកាន់តែលឿន ប្រសិនបើ VinSmart អាចប្រើប្រាស់បច្ចេកវិទ្យា mmWave បាននាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន VinSmart មិនបាននិយាយអំពីកាលបរិច្ឆេទបញ្ចេញលក់ស្មាតហ្វូន 5G នេះនៅឡើយទេ៕