កាលពីសប្តាហ៍មុនប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីទូរសព្ទប្រមាណជា ៥៩កម្មវិធី ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ពេញនិយមមួយផងដែរ។ ដោយសារតែឃើញថាប្រជាជនឥណ្ឌាជាច្រើននៅតែចូលចិត្តនិងចង់ប្រើកម្មវិធីនេះ ជាហេតុនាំឱ្យក្រុមជនអនាមិកបានឆ្លៀតឱកាសបង្កើតកម្មវិធីដែលមានមេរោគ Malware ប៉ុន្តែបន្លំថាជាកម្មវិធី TikTok Pro ដើម្បីឱ្យប្រជាជនឥណ្ឌាទាញយកមកប្រើប្រាស់តាមរយៈតំណភ្ជាប់ដែលពួកគេបានផ្សព្វផ្សាយនៅលើ Twitter និង WhatsApp ។
ក្រោយពីបានទាញយក នឹងដំឡើងកម្មវិធីនេះរួចរាល់ហើយ កម្មវិធីនេះនឹងធ្វើការស្នើចូលក្នុងប្រព័ន្ធទូរសព្ទដើម្បីអាចទាញយកទិន្នន័យជាច្រើនដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើមនៅពេលដែលអ្នកប្រើប្រាស់ព្យាយាមបើកកម្មវិធីនេះ ប៉ុន្តែវាមិនបានដំណើរការអ្វីនោះទេ។
ទោះបីជាកម្មវិធីនេះមិនមានដំណើរការក៏ដោយ ក៏វាយឺតពេលទៅហើយ ព្រោះមេរោគ malware ត្រូវបានដំឡើងចូលក្នុងទូរសព្ទ ដែលអាចលួចទាញយកទិន្នន័យ និងបង្ហាញសារដដែលៗដើម្បីឱ្យដំឡើងកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ៕