NASA បញ្ចប់​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​របស់ SpaceX ក្នុងការ​នាំយក​អវកាសយានិក​អាមេរិក​ពីររូប ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS និង​ត្រឡប់មក​ផែនដី​វិញ

0

ភាពជោគជ័យ​លើកដំបូង នៃ​ការដឹកជញ្ជូន​អវកាសយានិក​ដោយ​យាន Crew Dragon របស់​ក្រុមហ៊ុន​អវកាស SpaceX បានធ្វើ​ឲ្យ NASA មាន​សុ​ទិ​ដ្ឋ​និយម​ខ្ពស់​ខ្លាំង អំពី​អនាគត​ជុំវិញ​បេសកកម្ម​ជា​បន្តបន្ទាប់​ទៀត នៃ​ការបញ្ជូន​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស។

យាន​របស់ SpaceX ដែល​ដឹក​អវកាសយានិក NASA ពីររូប​គឺ​លោក Bob Behnken និង​លោក Doug Hurley បាន​ទម្លាក់ខ្លួន​ចុះ​មកលើ​ផ្ទៃ​ទឹក នៅ​ឈូង​សមុទ្រ​ម៉ិច​ស៉ី​កូ ដោយ​សុវត្ថិភាព កាលពី​ថ្ងៃអាទិត្យ (ពេលវេលា​ក្នុង​តំបន់​នៅ​អាមេរិក) ជា​ការបិទ​បញ្ចប់​ជា​ស្ថាពរ នៃ​បេសកកម្ម​ហោះហើរ​សាកល្បង​ហៅថា Demo-2 ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

ជុំវិញ​លទ្ធផល​ខាងលើនេះ ប្រធាន​អង្គការ NASA លោក Jim Bridenstine បានលើកឡើង​ដូច្នេះ​ថា «នេះ​គឺជា​ជោគជ័យ​ដ៏​វិសេសវិសាល​មួយ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ខណៈ​ពួកយើង​កំពុង​បោះជំហាន​ចូល​សម័យកាល​ថ្មី នៃ​ការបញ្ជូន​មនុស្ស​ឡើង​ទី​អវកាស នៅពេលដែល NASA លែង​ដើរតួនាទី​ជា​អ្នកទិញ​ផង ជា​ម្ចាស់​ផង និង​ជា​ប្រតិបត្តិ​ករ​ផង នៃ​សម្ភារៈ​ទាំងអស់​ដូច​មុន​ទៀតហើយ»។

គួរ​ជម្រាប​ថា បន្ទាប់ពី​បេសកកម្ម Demo-2 ក្រុមហ៊ុន SpaceX ឥឡូវ​អាច​ចាប់ផ្តើម​ផ្តោត​សំខាន់ ទៅលើ​បេសកកម្ម​ផ្លូវការ​លើកដំបូង​របស់​ខ្លួន ហៅថា Crew-1 ជាការ​បញ្ជូន​អវកាសយានិក​សរុប ០៤នាក់ ដែល​ត្រូវ​បានគ្រោង​នឹង​ចាប់ផ្តើម នៅ​ខ្ទង់​ចុងខែ​កញ្ញា​ខាងមុខ។

ក្រៅពី NASA យាន Crew Dragon ក៏មាន​អតិថិជន​មួយចំនួនទៀត​ដែរ រួមមាន​ក្រុមហ៊ុន Axiom Space ដែល​បាន​កក់​ការធ្វើដំណើរ​ឆ្ពោះទៅ ISS ព្រមទាំង​ក្រុមហ៊ុន Space Adventures ដែល​ជួល​យាន​របស់ SpaceX ដើម្បី​នាំ​អ្នកដំណើរ ០៤នាក់​ឡើង​ទី​អវកាស តែ​មិន​ចូល​ស្ថានីយ ISS នោះទេ។

បន្ថែម​ពីលើ Crew Dragon ក្រុមហ៊ុន SpaceX កំពុង​អភិវឌ្ឍ​នាវា​អវកាស Starship ដែល​ត្រូវបាន​រចនា​ឡើង ដើម្បី​នាំ​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ច័ន្ទ ទៅកាន់​ភព​អង្គារ (Mars) ព្រមទាំង​កន្លែងផ្សេងៗទៀតផង​ដែរ នៅ​រាប់​ទសវត្សរ៍​ខាងមុខ​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here