រដ្ឋាភិបាល​ចិន​សម្ដែង​នូវ​ការខឹង​សម្បារ​ព្រមទាំង​ក្តីបារម្ភ​ជាខ្លាំង ចំពោះ​ការ​បែកធ្លាយ នៃ​សេចក្ដីព្រាង​របាយការណ៍​សម្ងាត់​មួយ​របស់ UN ស្ដីពី​ប្រទេស​កូរ៉េខាងជើង

0

អ្នកនាំពាក្យ​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ចិន ប្រចាំ​នៅ​អង្គការសហប្រជាជាតិ (UN) បាន​និយាយថា «របាយការណ៍​សម្រាប់​ពាក់កណ្ដាល​ឆ្នាំ២០២០ ដែល​ព្រាង​ដោយ​ក្រុម​អ្នកជំនាញ​គណៈកម្មាធិកា​រ ១៧១៨ នៃ​ក្រុមប្រឹក្សាសន្តិសុខ បាន​លេច​ធ្លាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បណ្តាល​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​មានការ​សន្និដ្ឋាន​តែ​ផ្តេ​ស​តែ​ផ្តាស។ ប្រទេស​ចិន​សូម​សម្តែង​ការមិន​ពេញចិត្ត និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​នេះ»។

អ្នកនាំពាក្យ​ដដែល​បាន​បន្តថា «កន្លងទៅ​ក៏​ធ្លាប់​មានរឿង​ស្រដៀង​គ្នា​នេះ​កើតឡើង​ដែរ ហើយ​ពេលនោះ​ប្រទេស​ជា​សមាជិក​មួយចំនួន រួមមាន​ទាំង​ចិន ក៏បាន​សម្តែង​ក្តីបារម្ភ​ដែរ។ ដូច្នេះ​ចិន​ស្នើ​ឲ្យ UN បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ជៀសវាង ការ​បែកធ្លាយ​ឯកសារ​នាពេល​អនាគត»។

គួរ​ជម្រាប​ថា គណកម្មាធិការ ១៧១៨ ខាងលើ គឺជា​គណៈកម្មាធិការ​ទទួល​បន្ទុក លើ​ការអង្កេត​ការអនុវត្ត​ទណ្ឌកម្ម​កូរ៉េខាងជើង ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០៦ តាមរយៈ​ដំណោះស្រាយ​លេខ ១៧១៨ របស់​ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បី​ឆ្លើយតប​ចំពោះ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ លើកដំបូង​របស់​កូរ៉េខាងជើង ព្រមទាំង​សកម្មភាព​ដទៃទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​នុយក្លេអ៊ែរ។ អ្នកនាំពាក្យ​ចិន​ក៏បាន​គូស​បញ្ជាក់ដែរថា ប្រទេស​ចិន​បាន​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង ទៅលើ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង ហើយ​ចិន​បាននិងកំពុង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន ដោយ​ស្មោះត្រង់​ត្រឹមត្រូវ​ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here