អំឡុងពេលដែលលោកបំពេញទស្សនកិច្ចមួយ ទៅកាន់សហរដ្ឋអាមេរិក និងបានចូលរួមក្នុងវេទិកាសន្តិសុខនៅក្នុងទីក្រុង អាស្ពែន (Aspen) រដ្ឋខូឡូរ៉ាដូ (Colorado) លោក ម៉ូរីសុន បានថ្លែងយ៉ាងដូច្នេះថា «យើងបានអង្កេតមើលយ៉ាងល្អចំពោះបញ្ហានេះ ហើយគ្មានភស្តុណាមួយដែលអាចបញ្ជាក់ថា កម្មវិធីនេះ (TikTok) មានការលួចប្រើទិន្ន័យរបស់អ្នកប្រើប្រាស់នានាឡើយ។ វាមានរឿងមិនសមរម្យមួយចំនួន ដែលបាននិងកំពុងបង្កឲ្យមានការខ្មាសអៀនជាសាធារណៈ ប៉ុន្តែវាគ្រាន់តែជាកម្មវិធីបណ្តាញសង្គមមួយប៉ុណ្ណោះ»។
ទោះជាបែបនេះក្តី នាយករដ្ឋមន្ត្រីអូស្ត្រាលីបានគូសបញ្ជាក់ថា មិនថាតែកម្មវិធី TikTok របស់ចិននោះឡើយ ដោយសូម្បីតែកម្មវិធីបណ្តាញសង្គមធំៗរបស់អាមេរិក ក៏ប្រជាជនអូស្ត្រាលីត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចផងដែរ ព្រោះតែក្រុមហ៊ុនទាំងនេះ អាចមានលទ្ធភាពអង្កេតទិន្នន័យ ពីអ្នកប្រើប្រាស់របស់ពួកគេបាន។
គួរបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីខាងលើនេះ គឺពិតជាផ្ទុយទាំងស្រុង ទៅនឹងការលើកឡើងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលកន្លងមកបានអះអាងថា TikTok គឺជាកម្មវិធីមានប្រភពពីចិន និងស្និទ្ធជាមួយរបបដឹកនាំចិន ដែលបាននិងកំពុងលួចស៊ើបការណ៍សម្ងាត់ ពីអ្នកប្រើប្រាស់រាប់លាននាក់នៅអាមេរិក ដូច្នេះអាមេរិកបានសម្រេចទុកពេលឲ្យ ក្រុមហ៊ុនមេរបស់ TikTok ពិចារណាលក់កម្មវិធីនេះឲ្យក្រុមហ៊ុនអាមេរិកណាមួយ ឲ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បើមិនដូច្នោះទេអាមេរិកនឹងបិទ TikTok លែងឲ្យដំណើរការតទៅទៀត៕