ក្រុមនិយតករអាមេរិកបានផាកពិន័យសហគ្រាសហិរញ្ញវត្ថុ Capital One ជាទឹកប្រាក់ចំនួន ៨០លាន$ កាលពីឆ្នាំមុនពីបទធ្វើឱ្យលេចធ្លាយទិន្នន័យ ហើយបណ្តាលឱ្យព័ត៌មានកាតឥណទានអតិថិជននៅ អាមេរិកជាង ១០០លាននាក់ត្រូវបានលាតត្រដាង។
សហគ្រាសត្រូវបានពិន័យដោយការិយាល័យត្រួតពិនិត្យរូបិយវត្ថុ (OCC) គឺជាការិយាល័យឯករាជ្យ ស្ថិតនៅក្នុងរតនាគារជាតិអាមេរិកដែលគ្រប់គ្រងច្បាប់ពាក់ព័ន្ធនឹងធនាគារជាតិ។ យោងតាម សារព័ត៌មានចេញដោយ OCC កាលពីថ្ងៃអង្គារ បានឱ្យដឹងថា៖ សហគ្រាស Capital One ជួបបញ្ហា ក្នុងការគ្រប់គ្រងហានិភ័យមុនពេលផ្លាស់ប្តូរប្រតិបត្តិការ IT របស់ខ្លួនទៅផ្តោតលើសេវា cloud ដែល រួមបញ្ចូលទាំងការរចនា និងការគ្រប់គ្រងសុវត្ថិភាព network ការពារការបាត់បង់ទិន្នន័យ និង ប្រសិទ្ធិភាពនៃការដាស់តឿន។
OCC ក៏បានថ្លែងថាធនាគារបានបន្សល់ទុកនូវភាពទន់ខ្សោយនៅក្នុងការរក្សាទិន្នន័យដែលផ្អែកលើ cloud នៅក្នុងសវនកម្មផ្ទៃក្នុង កាលពីឆ្នាំ២០១៥ ក៏មិនបានចេញ patch ដើម្បីរក្សាសុវត្ថិភាព និងបំពាន លើ “គោលការណ៍ស្តង់ដាសន្តិសុខព័ត៌មាន” ដែលធនាគារអាមេរិកទាំងអស់ត្រូវតែគោរពតាម។
លទ្ធផលនៃការធ្វេសប្រហែស និងកង្វះខាតផ្នែកសុវត្ថិភាពនេះ បណ្តាលឱ្យទិន្នន័យអតិថិជនជាច្រើន ត្រូវបានខ្ចរខ្ចាយកាលពីឆ្នាំមុន ហើយហេគឃ័រអាចលួចព័ត៌មានកាតឥណទានពីអតិថិជនធនាគារ Capital One ជាង ១០៦លាននាក់។
បន្ថែមពីលើការពិន័យជាប្រាក់ក្នុងចំនួន ៨០លាន$, OCC បានបញ្ជាឱ្យ Capital One Finance ពង្រឹង ប្រព័ន្ធការពារផ្នែកសន្តិសុខ និងផ្ញើគម្រោងផែនការទៅ OCC ក្នុងរយៈពេល ៩០ថ្ងៃ ពីរបៀបដែល ធនាគារខ្លួននឹងធ្វើដើម្បីជំរុញផ្នែកសុវត្ថិភាព៕