ក្រុមហ៊ុន Google បិទ​បណ្តាញ YouTube របស់​ចិន​ចំនួន២៥០០លើ​ការផ្សាយ​ព័ត៌មាន​មិន​ពិត

0

ក្រុមហ៊ុន Google និយាយថា ក្រុមហ៊ុន​បាន​លុបចោល​បណ្តាញ YouTube ច្រើនជាង ២៥០០ របស់​ចិន ដែល​ការលុបចោល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ក្នុងការ​កម្ចាត់​ព័ត៌មាន​មិន​ពិត​នៅលើ​វេទិកា​ចែករំលែក​វីដេអូ។

ក្រុមហ៊ុន​និយាយថា បណ្តាញ​ទាំងនោះ​ត្រូវបាន​ដកចេញ​នៅ​ចន្លោះ​ខែមេសា និង​ខែមិថុនា ហើយ​នៅមាន​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​របស់​ក្រុមហ៊ុន​លើ​បណ្តាញ​ដែលមាន​ឥទ្ធិពល​ដោយមាន​ទាក់ទង​ទៅនឹង​ប្រទេស​ចិន។

ក្រុមហ៊ុន​និយាយ​នៅក្នុង​ព្រឹត្តិប័ត្រ​ប្រចាំត្រីមាស​មួយ​ស្តីពី​ប្រតិបត្តិ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា បណ្តាញ​ទាំងនោះ​ជាទូទៅ​បាន​ផ្សព្វផ្សាយ​ពី​មាតិកា​សារ​ឥត​បាន ការ​មិនមែន​នយោបាយ ប៉ុន្តែ​មាន​ផ្នែក​តូច​មួយ​ទាក់ទង​នឹង​ផ្នែក​នយោបាយ។

ក្រុមហ៊ុន Google មិនបាន​បង្ហាញ​ពី​បណ្តាញ​ជាក់លាក់​ហើយក៏​មិនបាន​ផ្តល់ព័ត៌មាន​លំអិត​ផ្សេងទៀត លើកលែង​តែមាន​តំណ​ភ្ជាប់​វីដេអូរ ដែល​ត្រូវបាន​ប្រទះឃើញ​នៅលើ​បណ្តាញ​សង្គម​ដោយ Twitter និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​នៅក្នុង​ខែមេសា​ដោយ​ក្រុមហ៊ុន​វិភាគ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Graphika ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​មិនបាន​ឆ្លើយតបភ្លាមៗទៅនឹង​សារ​ដែល​ស្នើសុំ​ផ្តល់យោបល់​នោះទេ។ កន្លងមក​ទីក្រុង​ប៉េកាំង​ធ្លាប់បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ការផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​បង្កឡើង​ដោយ​តារា​បរទេស​បាន​ក្លាយជា​ការព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​អ្នកនយោបាយ និង​អ្នកជំនាញ​បច្ចេកវិទ្យា​អាមេរិក​ដូចគ្នា​ចាប់តាំងពី​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៦ នៅពេលដែល​តួអង្គ​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​រុស្ស៊ី​បាន​បញ្ចេញ​សារ​បោក​បញ្ឆោត​ចំនួន​រាប់រយ​រាប់ពាន់​ទៅក្នុង​ប្រព័ន្ធ​អេកូ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

គួរបញ្ជាក់​ផងដែរ​ថា មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចំណាយពេល​បួន​ឆ្នាំ​ចុងក្រោយ​ដើម្បី​ព្យាយាម​ជៀសវាង​មិន​ឲ្យ​មាន​ហេតុការណ៍​កើតឡើង​ម្តងទៀត​ដូច​ឆ្នាំ 2016 ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន Google និង Facebook ដែល​តែងតែ​ចេញផ្សាយ​នូវ​ព័ត៌មានថ្មីៗអំពី​របៀប​ដែល​ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឃោសនា​តាម​អ៊ិន​ធឺរ​ណិ​ត។ ព្រឹត្តិប័ត្រ​នេះ​ក៏បាន​លើកឡើង​ពីស​កម្ម​ភាពដូចគ្នា​ដែល​អនុវត្ត​នៅ​ប្រទេស​ដទៃទៀត​រួមមាន​អ៊ីរ៉ង់ និង​រុស្ស៊ី៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuters  ផ្សាយ​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here