TikTok គ្រោង​នឹងដាក់​ពាក្យ​ប្ដឹង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ

0

ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន TikTok គ្រោង​នឹងដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​បទបញ្ជា​ប្រតិបត្តិ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលមាន​បំណង​បិទ​មិនឱ្យ TikTok ធ្វើ​ប្រតិបត្តិការ​នៅក្នុង​សហរដ្ឋអាមេរិក។

ផ្អែកលើ​ប្រភព​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដែល​ដឹង​ពី​ការសម្រេចចិត្ត​ខាងលើ បានបញ្ជាក់​ទៀតថា TikTok នឹងដាក់​ពាក្យ​ប្ដឹង នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយនេះ ទៅកាន់​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា។ នៅក្នុង​ពាក្យ​ប្ដឹង​នេះ​ទៀតសោត ក៏បាន​អះអាង​ផងដែ​ថា​សកម្មភាព​របស់លោក ដូ​ណា​ល់ ត្រាំ លើ TikTok ជា​ទង្វើ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​អាមេរិក ពីព្រោះ​លោក​មិនបាន​ទុក​ឱកាស ឬ​ពេលវេលា​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​បកស្រាយ ខណៈ​ការចោទប្រកាន់ ថា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន​មួយ​នេះ​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក គឺជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន។

គួរ​ជម្រាប​ថា លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដោយ​បង្គាប់​ឱ្យ​ក្រុមហ៊ុន​អាមេរិក​បញ្ឈប់​ការធ្វើ ប្រតិបត្តិការ ឬ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ByteDance ដោយ​ទុកពេល ៤៥ថ្ងៃ ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​លក់​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok របស់ខ្លួន ឱ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok មិនអាច​បន្ត​ប្រតិបត្តិ​ការខ្លួន​នៅ​អាមេរិក​បាន​ទៀត​ទេ។ បន្ថែម​ពីលើ​នេះ លោក ត្រាំ ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា នេះ​ដើម្បី​ហាមឃាត់​កម្មវិធី WeChat ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ធិ​ន​សេន (Tencent) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here