ក្រុមអ្នកស្រាវជ្រាវចិនបានប្រើបញ្ញាសិប្បនិម្មិត (artificial intelligence) ដើម្បីវិភាគសុខភាពដី។ កត្តានេះនឹងជួយការពារការបាត់បង់ជីវជាតិដីនៅក្នុងដំណើរផលិតកម្មកសិកម្ម។
ជំងឺរុក្ខជាតិដែលកើតចេញពីដីមានដូចជំងឺរលួយស្លឹកដែលបានបង្កការខាតបង់ដល់ផ្នែកកសិកម្មយ៉ាងច្រើននៅទូទាំងពិភពលោក។ ការអភិវឌ្ឍគំរូចម្រាញ់បន្ថែមទៀតសម្រាប់ការព្យាករណ៍ជំងឺអាចជួយកាត់បន្ថយការបាត់បង់ដំណាំ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកសិកម្ម Nanjing បានវិភាគសំណាកដីច្រើនជាង១៥០០សំណាកដែលមានជាប់ទាក់ទៅនឹងជំងឺស្លោកស្លឹករុក្ខជាតិ។
ពួកគេបានប្រើវិធីសាស្ត្ររៀនតាមម៉ាស៊ីនដើម្បីវិភាគសមាសភាពអតិសុខុមប្រាណនៃដីដែលមានជម្ងឺ និងបង្កើតគំរូបាក់តេរី និងផ្សិតនៃដី ដែលអាចព្យាករណ៍ពីសុខភាពរបស់ដីជាមួយនឹងភាពត្រឹមត្រូវជាង៨៥ភាគរយ។
គំរូព្យាករណ៍អាចជួយឲ្យកសិករវាយតម្លៃលើគុណភាពដី និងចាត់វិធានការបង្ការដើម្បីចៀសវាងការខាតបង់សេដ្ឋកិច្ច។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា ការស្រាវជ្រាវដាក់បញ្ចូលទាំងទិន្នន័យ និងការសិក្សាម៉ាស៊ីនដើម្បីវិភាគសុខភាពដី ដើម្បីធ្វើការអនុវត្តការស្រាវជ្រាវទិន្នន័យអតិសុខុមប្រាណនៅក្នុងដីចំពោះផលិតកម្មកសិកម្ម។ ការស្រាវជ្រាវត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ ISME៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព Xinhua ផ្សាយឡើងវិញថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០