កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវ ឈ្មោះ Saugat Pokharel បានរកឃើញថា នៅពេលដែលគាត់ប្រើមុខងារ Download Your Information របស់អ៊ិនស្តាក្រាមដើម្បីទាញយកទិន្នន័យមកវិញនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាសារ និងរូបភាព ដែលគាត់បានលុបកាលពីជាងមួយឆ្នាំមុន ក៏នៅមានក្នុងនោះដែរ។
លោក Pokharel ក៏បានរាយការណ៍ពីភាពចន្លោះប្រហោងនេះទៅក្រុមហ៊ុនហ្វេសប៊ុក ហើយបច្ចុប្បន្នក្រុមហ៊ុនក៏បានអះអាងថាគេបានកែតម្រូវបញ្ហានេះកាលពីខែកន្លងទៅរួចផងដែរ។
គួររំឭកដែរថា ក្រុមហ៊ុនទ្វីតធ័រ ក៏មានបញ្ហាស្រដៀងនេះដែរកាលពីឆ្នាំកន្លងទៅ ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយកទិន្នន័យចាស់ៗ ទោះបីជាគណនីនោះត្រូវបានបិទ ឬឈប់ប្រើក៏ដោយ។ នេះជាឧទាហរណ៍ដ៏ល្អមួយដល់អ្នកប្រើប្រាស់ដើម្បីចៀសវាងការផ្ញើសារ ក៏ដូចជារូបភាពណាដែលគេមិនចង់ឱ្យមានការបែកធ្លាយតាមរយៈប្រព័ន្ធបណ្ដាញសង្គម ព្រោះនៅពេលដែលលោកអ្នកចុចលើប៊ូតុងផ្ញើនោះហើយ លោកអ្នកពុំអាចដឹងទេថា តើទិន្នន័យទាំងនោះនឹងត្រូវបានផ្ទុកនៅកន្លែងណាខ្លះទេ៕