ក្រុមហ៊ុន Kaspersky រាយការណ៍​ថា ក្រុម​ហេ​គ​ឃ័​រ​វាយប្រហារ​ទៅលើ​ក្រុម​អ្នកស្រាវជ្រាវ​វ៉ាក់សាំង​កូ​វីដ-១៩

0

ក្រុម​ហេ​គ​ឃ័​រ Lazarus បាន​វាយប្រហារ​ទៅលើ​ក្រុម​អ្នក​អភិវឌ្ឍ​វ៉ាក់សាំង​កូ​រ៉ូ​ណាវី​រុស​ដែល​ក្នុងនោះ​រួមមាន​ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន​ឱសថ​មួយ​ផងដែរ។

ក្រុមហ៊ុន Kaspersky Lab បាន​រាយការណ៍​ថា ក្រុម​ហេ​គ​ឃ័​រ Lazarus បាន​វាយប្រហារ ២ លើក​ទៅលើ​ស្ថាប័ន​ជាច្រើន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការស្រាវជ្រាវ​ទៅលើ​កូ​រ៉ូ​ណាវី​រុស​នេះ។ គោលដៅ​របស់​អ្នក​វាយប្រហារ​នេះ​គឺ​ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន​ឱសថ​មួយ​ផងដែរ។

តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន  Kaspersky Lab នេះ​អោយដឹងថា ការវាយប្រហារ​នេះ​កើតឡើង​នៅ​ថ្ងៃទី ២៥ ខែកញ្ញា​នេះ។ ក្រុម​ហេ​គ​ឃ័​រ​ប្រើប្រាស់​នូវ​វីរុស Bookcode រួម​ជាមួយនឹង​បច្ចេកទេស​ក្លែងបន្លំ (Phishing) និង​វេ​ប​សាយ​ដែល​បាន​ជ្រៀតចូល​ថែមទៀត។ មួយខែ​ក្រោយមក នៅ​ថ្ងៃទី ២៧ ខែតុលា​នេះ ម៉ាស៊ីន Servers របស់​ក្រសួងសុខាភិបាល​ដែល​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Windows OS ត្រូវ​រង​នូវ​ការវាយប្រហារ​ផងដែរ។

នៅក្នុង​ការវាយប្រហារ​ទៅលើ​ក្រសួងសុខាភិបាល​នេះ មេរោគ wAgent virus ត្រូវបាន​ប្រើប្រាស់​ដោយ​ហេ​គ​ឃ័​រ។ ស្រដៀង​គ្នា​នេះ​ផងដែរ ក្រុម Lazarus បាន​ជ្រៀតចូល​ទៅក្នុង​បណ្តាញ Networks របស់​ក្រុមហ៊ុន cryptocurrency ជាច្រើន​ផងដែរ។

ក្រុមហ៊ុន Kaspersky Lab និយាយថា “ម៉ាស៊ីន​មេ Servers ចំនួន ២ ដែល​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ត្រូវបាន​សម្របសម្រួល​នៅ​ថ្ងៃទី ២៧ ខែតុលា​នេះ​ជាមួយនឹង​មេរោគ Malware ដែលមាន​ឈ្មោះ​ហៅថា wAgent។ វា​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម Lazarus ក្នុងការ​ជ្រៀតចូល​ទៅក្នុង​បណ្តាញ Networks ជាច្រើន​របស់​ក្រុមហ៊ុន cryptocurrency ផងដែរ” ។

សម្រាប់​មេរោគ  malware ទាំងពីរ​នេះ​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាចធ្វើ​កា​រ​គ្រប់គ្រង​ទៅលើ​ឧបករណ៍​ដែល​ឆ្លង​មេរោគ​បាន​ថែមទៀត។ ក្រុមហ៊ុន Kaspersky Lab ក៏​បន្ត​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​រឿងនេះ​ផងដែរ។ ក្រុមហ៊ុន  Kaspersky Lab និយាយថា ក្រុមហ៊ុន​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ និង​ស្រាវជ្រាវ​ទៅលើ​វ៉ាក់សាំង​គឺជា​គោលដៅ​នៃ​ការវាយប្រហារ។ ក្រុម Lazarus ក៏​ត្រូវគេ​ស្គាល់​ថា​ជា​ក្រុម APT38 ផងដែរ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here