នាពេលថ្មីៗនេះ នៅក្នុងការព្រមានរួមគ្នាមួយពីភ្នាក់ងារសន្តិសុខតាមអ៊ិនធឺរណិតរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានឲ្យដឹងថា ការវាយប្រហារដោយប្រើប្រាស់វិធីសាស្ត្រ brute-force ទ្រង់ទ្រាយធំធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមហេគឃ័រ APT28 ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។
នៅមានក្រុមហេគឃ័រជាច្រើនទៀតដែលត្រូវបានគេតាមដាននៅក្នុងយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំមួយនេះរួមមានក្រុមហេគឃ័រ Fancy Bear, Pawn Storm, Sednit, Strontium, និង Tsar Team។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហេគឃ័រទាំងអស់នោះក៏បានធ្វើការវាយប្រហារទៅលើអង្គភាពជាច្រើននៅទូទាំងពិភពលោកផងដែរ។
ផ្អែកតាមរបាយការណ៍ពីអង្គភាព NSA បានប្រកាសថា ការវាយប្រហារដោយប្រើប្រាស់វិធីសាស្ត្រ brute force មានសមត្ថភាពអាចធ្វើឱ្យអ្នកគំរាមកំហែង 85th GTsSS ចូលទៅមើលទិន្នន័យដែលមានកិច្ចការពារ ដោយទិន្ន័យទាំងនោះភាគច្រើនមានជាប់ពាក់ព័ន្ធនឹងអ៊ីម៉េល អត្តសញ្ញាណ និងគណនីត្រឹមត្រូវជាច្រើន។ នៅពេលដែលព័ត៌មានសម្ងាត់ត្រូវបានលួច អ្នកគំរាមកំហែងបានប្រើប្រាស់ប្រើទិន្នន័យទាំងអស់ក្នុងគោលបំណងផ្សេងៗគ្នាដូចជាការចូលដំណើរការ ការផ្តល់ដំណោះស្រាយ ការបង្កើនសិទ្ធ និងគេចចេញពីប្រព័ន្ធការពារជាដើម។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍បង្ហាញថា យុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំនេះបានកំណត់គោលដៅលើអង្គភាពរដ្ឋាភិបាល និងក្រសួងការពារជាតិជាច្រើនរបស់សហរដ្ឋអាមេរិក និងសមាគមបរទេសនៅទូទាំងពិភពលោក។ ហេគឃ័របានប្រើប្រាស់ឧបករណ៍ និងសេវាកម្មមួយចំនួនរួមមាន CactusVPN, IPVanish, NordVPN, ProtonVPN, Surfshark, និង WorldVPN៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១