គ្រឿងផ្ទុះកែឆ្នៃបានផ្ទុះធ្វើឱ្យទាហានអ៊ីរ៉ាក់៥នាក់រងរបួសនៅទីក្រុងខាន់ណាគីន

0

កាលពីយប់ថ្ងៃអង្គារនេះ ការផ្ទុះដែលបង្កឡើងដោយគ្រឿងផ្ទុះកែឆ្នៃ (IED) បានធ្វើឱ្យទាហានអ៊ីរ៉ាក់៥នាក់រងរបួសនៅក្នុងខណ្ឌមានជម្លោះ ខាន់ណាគីន (Khanaqin) ក្នុងក្រុងឃឺដ ភាគខាងជើងខេត្តឌីយ៉ាឡា (Diyala)។

លោក អាវ៉ាត បាម៉ូយី (Awat Bamoyi) អ្នកតំណាងមកពីគណបក្សប្រជាធិបតេយ្យឃឺដ (KDP) បានប្រាប់ភ្នាក់ងារសារព័ត៌មានថាការបំផ្ទុះបានវាយប្រហាររថពាសដែករបស់កងកម្លាំងទាហានអ៊ីរ៉ាក់នៅច្រកចូលស្រុកហ្គូឡាឡា (Gulala)។

លោក បាម៉ូយី បានពន្យល់ថាការបំផ្ទុះនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅក្នុងតំបន់ដដែលនេះ។

គួរកត់សម្គាល់ថា បណ្តាតំបន់ដែលស្ថិតនៅតាមព្រំដែនខេត្តឌីយ៉ាឡា ខេត្តកឺកុក និងខេត្តសាឡាហាឌីន ឃើញថាមានការកើនឡើងនៃការវាយប្រហារភេរវកម្មក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

ប៉ុន្មានម៉ោងមុនការវាយលុកនៅស្រុកហ្គូឡាឡា ភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារលើភូមិម៉ាន់ស័រ (Mansoor) ស្រុកដាកុក (Daquq) ភាគខាងត្បូងខេត្តកឺកុក។ ប្រភពក្នុងតំបន់បាននិយាយថា អ្នកស្រុកនៅក្នុងភូមិបានលើកអាវុធ និងការពារប្រឆាំងនឹងក្រុមបះបោររដ្ឋអ៊ីស្លាម រហូតដល់កងកម្លាំងសន្តិសុខមកដល់៕

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here