Coinbase ដែលជាផ្លេតហ្វមប្តូរប្រាក់គ្រីបតូមានអតិថិជនមិនតិចជាង ១០០លាននាក់ បានបង្ហាញថា ការបំពានទិន្នន័យនាពេលថ្មីៗនេះ មានការលួចទិន្នន័យអតិថិជន និងសហគ្រាស ជាហេតុបានបណ្តាលឱ្យប៉ះពាល់ដល់បុគ្គលប្រមាណជា ៦៩,៤៦១នាក់។
នៅក្នុងការជូនដំណឹងស្តីពីការបំពានទិន្នន័យដែលបានដាក់ជូនការិយាល័យមេធាវីរដ្ឋ Maine ក្រុមហ៊ុន Coinbase បានថ្លែងថា បុគ្គលមួយចំនួនតូចដែលប្រើប្រាស់សេវា Coinbase នៅទីតាំងក្រៅប្រទេស បានចូលប្រើព័ត៌មានអតិថិជនមិនត្រឹមត្រូវ។ ខណៈនៃការលាតត្រដាងទិន្នន័យមិនបានប៉ះពាល់ដល់លេខសម្ងាត់ Seed Phrases សោឯកជន ឬព័ត៌មានផ្សេងរបស់អ្នកប្រើប្រាស់ ដែលអាចត្រូវបានប្រើសម្រាប់ចូលដំណើរការគណនី ឬហិរញ្ញវត្ថុរបស់ពួកគេទេ វារួមមានការរួមបញ្ចូលរបស់អត្តសញ្ញាណផ្ទាល់ខ្លួនដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខសន្តិសុខ៤ខ្ទង់ចុងក្រោយ លេខគណនីធនាគារដែលបានបិទ និងអត្តសញ្ញាណគណនីធនាគារខ្លះ អាសយដ្ឋាន លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែល។
ផ្អែកតាមអតិថិជនដែលរងគ្រោះបានឱ្យដឹងថា ព័ត៌មានដែលបានលួចក៏អាចមានផ្ទុករូបភាពព័ត៌មានអត្តសញ្ញាណរដ្ឋាភិបាល (ឧ. លេខបណ្ណបើកបររបស់អ្នកបើកបរ លេខលិខិតឆ្លងដែន លេខកាតអត្តសញ្ញាណជាតិ) និងព័ត៌មានគណនី (រួមមានប្រវត្តិផ្ទេរប្រាក់ តុល្យការ ការផ្ទេរប្រាក់ ថ្ងៃខែបើកគណនី)។ ក្រុមហ៊ុន Coinbase បានព្រមានថា ហេគឃ័របានស្វែងរកព័ត៌មាននេះដោយសារតែពួកគេចង់ធ្វើការវាយប្រហារបែប Social Engineering ដោយប្រើព័ត៌មានទាំងនេះដើម្បីឱ្យមើលទៅគួរឱ្យជឿជាក់ក្នុងបំណងបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ទៅពួកគេ។ ការលាតត្រដាងធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់ជាច្រើនមានការព្រួយបារម្ភថា ឧប្បត្តិហេតុនេះអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងររួមមានគ្រោះថ្នាក់ដល់រាងកាយ បន្ទាប់ពីឧក្រិដ្ឋជនបានលួចចូលប្រើតុល្យការគណនី និងអតិថិជន Coinbase ដែលរងគ្រោះដោយសារការបំពាននេះ។
ការខាតបង់អាចឈានទៅដល់ ៤០០លានដុល្លារ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Coinbase បានបង្ហាញពីការបំពានទិន្នន័យនៅក្នុងពាក្យបណ្តឹងដែលបានដាក់ទៅគណៈកម្មការមូលបត្រសហរដ្ឋអាមេរិកថា ហេគឃ័រនៅពីក្រោយការវាយប្រហារនេះបានរក្សាទុកទិន្នន័យអតិថិជនដល់ទៅ ១%នៃអតិថិជន Coinbase ផ្អែកលើជំនួយផ្នែកបុគ្គលិក ឬអ្នកម៉ៅការនៅក្រៅសហរដ្ឋអាមេរិក។
អ្នកវាយប្រហារក៏បានផ្ញើអ៊ីម៉ែលកាលពីថ្ងៃទី១១ ខែឧសភា ក្នុងបំណងជម្រិតទារប្រាក់ ២០លានដុល្លារជាថ្នូរនឹងការរក្សាការសម្ងាត់ព័ត៌មានដែលបានលួចនៅលើអនឡាញ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានថ្លែងថា ខ្លួនមិនគួរបង់ថ្លៃលោះទេ ប៉ុន្តែគួរតែបង្កើតប្រាក់រង្វាន់ ២០លានដុល្លារសម្រាប់អ្នកដែលអាចស្វែងរកជនដៃដល់ដែលបានសម្របសម្រួលការវាយប្រហារនេះ និងបញ្ជូនគេទៅកាត់ទោស។ ខណៈក្រុមហ៊ុន Coinbase កំពុងតែវាយតម្លៃពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃការបំពាន និងចំនួនអតិថិជនដែលត្រូវបានបញ្ឆោតឱ្យផ្ទេរប្រាក់ នៅក្នុងការវាយប្រហារ Social Engineering នៅពុំទាន់ដឹងច្បាស់ ក្រុមហ៊ុនក៏បានបន្តរៀបរាប់ពីលទ្ធផលនៃការចំណាយអាចនឹងស្ថិតនៅក្នុងទំហំប្រមាណ ១៨០លានដុល្លារទៅ ៤០០លានដុល្លារ សម្រាប់ការស្តារឡើងវិញ និងសំណងទៅឱ្យអតិថិជន។ ក្រុមហ៊ុនបន្ថែមថា ខ្លួននឹងផ្តល់សំណងទៅឱ្យអតិថិជន ដែលបានផ្ញើប្រាក់ទៅជនឆបោក ដែលបណ្តាលមកពីឧប្បត្តិហេតុនេះ មុនកាលបរិច្ឆេទនៃការប្រកាសនេះ បន្ទាប់ពីការត្រួតពិនិត្យ ដើម្បីបញ្ជាក់ការពិត។ ក្រុមហ៊ុនបានណែនាំអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះការក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុន ដែលប្រហែលជាព្យាយាមចង់បានប្រាក់ ឬព័ត៌មានសម្ងាត់ដូចជា លេខសម្ងាត់ ឬកូដផ្ទៀងផ្ទាត់ 2FA។ ប្រសិនបើមានមែន សូមបិទទូរស័ព្ទភ្លាម ព្រោះក្រុមហ៊ុនមិនដែលសួររកព័ត៌មានលម្អិតគណនីតាមទូរស័ព្ទទេ។ ដើម្បីរក្សាសុវត្ថិភាពសូមអ្នកបើក Withdrawal allow-listing និងការផ្ទៀងផ្ទាត់ពីរជាន់។
ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥









