ជនល្មើស Noah Michael Urban ដែលជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងក្រុមឧក្រិដ្ឋកម្ម Scattered Spider ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១០ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីបានសារភាពកំហុសឆបោក Wire និងសមគំនិតក្នុងខែមេសា។
ជនល្មើសត្រូវបានឃាត់ខ្លួនកាលពីខែមករា ឆ្នាំ២០២៤ ហើយនៅក្នុងខែវិច្ឆិកា ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនល្មើស Urban (ដែលត្រូវគេស្គាល់ថាជា King Bob, Gustavo Fring, Elijah និង Sosa) ជាមួយនឹងជនសង្ស័យ ៤នាក់ផ្សេងទៀតដែលទាក់ទងនឹងក្រុមឧក្រិដ្ឋកម្មសាយប័រដូចគ្នា។ យោងតាមឯកសារតុលាការបានឱ្យដឹងថា ពួកគេអាចលួចប្រាក់រាប់លានដុល្លារពីកាបូបប្រាក់គ្រីបតូនៅចន្លោះខែកញ្ញា ឆ្នាំ២០២១ និងខែមេសា ឆ្នាំ២០២៣ ដោយប្រើព័ត៌មានសម្ងាត់ដែលត្រូវបានលួចនៅក្នុងការវាយប្រហារបន្លំ SMS ដោយបានផ្តោតលើបុគ្គល និងក្រុមហ៊ុនជាច្រើនទៀត។

ពួកគេក៏បានប្រើប្រាស់អត្តសញ្ញាណដែលបានលួចពីបុគ្គលិករបស់ក្រុមហ៊ុននៅពេលហេគ សម្រាប់លួចទិន្នន័យសម្ងាត់រួមមាន Databases ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនក៏ដូចជា ផលិតផលការងារសម្ងាត់ (Confidential Work Product) ដែលជាកម្មសិទ្ធិបញ្ញា ចេញពីប្រព័ន្ធរបស់ក្រុមហ៊ុន។ រាល់ព័ត៌មានដែលបានលួចនេះក្រោយមកត្រូវបានប្រើសម្រាប់លួចគណនីអ៊ីម៉ែលរបស់ជនរងគ្រោះនៅក្នុងការវាយប្រហារ SIM Swap ដែលអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងលើលេខទូរស័ព្ទ និងកាបូបប្រាក់គ្រីបតូរបស់ជនរងគ្រោះ ដើម្បីផ្ទេរប្រាក់រាប់លានទៅកាន់កាបូបដែលគ្រប់គ្រងដោយជនល្មើស។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកស៊ើបអង្កេត កាលពីខែឧសភា ឆ្នាំ២០២៣ ជនល្មើស Urban បានថ្លែងថា គាត់បានរកប្រាក់រាប់លានដុល្លារ ពីការលួចប្រាក់គ្រីបតូនៅចន្លោះខែមករា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២៣ បន្ថែមពីលើករណីពាក់ព័ន្ធនឹងការលួចប្រាក់រាប់លានដុល្លារ ជាងនេះទៀត គាត់នៅសល់ប្រាក់ពីរបីលានដុល្លារ បន្ទាប់ពីបាត់បង់ចំណូលពីគេហទំព័រហ្គេម។
ដូចដែល News4Jax បានរាយការណ៍ដំបូងថា ជនល្មើសត្រូវជាប់ពន្ធនាគារ ១២០ខែ បើទោះជា ព្រះរាជអាជ្ញាបានស្នើសុំត្រឹមតែ ៨ឆ្នាំក៏ដោយ ហើយនឹងតម្រូវឱ្យបង់ប្រាក់ចំនួន ១៣លានដុល្លារជាសំណងដល់ជនរងគ្រោះផងដែរ។ នៅពេលអ្នកកាសែតស៊ើបអង្កេត Brian Krebs បានទាក់ទងទៅជនល្មើស Urban តាម Twitter បន្ទាប់ពីការកាត់ទោស ជនល្មើស Urban បានឆ្លើយតបពីក្នុងពន្ធនាគារនៅរដ្ឋ Florida ថា គាត់ជឿថាការកាត់ទោសនេះមិនយុត្តិធម៌ទេ។ គាត់បានបដិសេធថា ចៅក្រមមិនបានបន្ធូរបន្ថយទោស តាមអាយុរបស់គាត់នោះទេ ដោយសារតែសមាជិករបស់ក្រុម Scattered Spider បានហេគចៅក្រម នៅក្នុងអំឡុងពេលនៃការកាត់ក្តី។
បណ្តុំឧក្រិដ្ឋជន Scattered Spider៖ Scattered Spider (ក៏ត្រូវបានគេស្គាល់ថាជា Oktapus, Scatter Swine, UNC3944 និង Muddled Libra ជាដើម) គឺជាការប្រមូលផ្តុំនៃក្រុមឧក្រិដ្ឋជនដែលល្បីក្នុងការវាយប្រហារបែប Social Engineering ឈានមុខ និងមានគោលដៅលើស្ថាប័នល្បីៗនៅទូទាំងសកលលោក ថែមទាំងប្រើតិចនិកជាច្រើនរួមមាន Phishing, SIM Swapping និងការបំបែកការផ្ទៀងផ្ទាត់ច្រើនជាន់ (MFA Bombing)។ ការវាយប្រហាររបស់ពួកគេបានកើនឡើងនៅខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលពួកគេបានបំពានលើ MGM Resorts និងបានអ៊ីនគ្រីបមិនតិចជាង 100 Vmware ESXi Hypervisors ដោយប្រើមេរោគចាប់ជម្រិត BlackCat បន្ទាប់ពីការបង្កើនដំណើរការដោយការបន្លំជាបុគ្គលិកក្រុមហ៊ុន។
នៅក្នុងករណីខ្លះ សមាជិក Scattered Spider ក៏បានសហការជាមួយនឹងប្រតិបត្តិការមេរោគចាប់ជម្រិតដូចជា Qilin, RansomHub និង DragonForce ផងដែរ។ ស្ថាប័នល្បីៗបានក្លាយជាគោលដៅរបស់ក្រុម Scattered Spider ពេលថ្មីៗនេះរួមមាន Twilio, Coinbase, DoorDash, Caesars, MailChimp, Riot Games និង Reddit។ នាពេលថ្មីៗនេះ ហេគឃ័របានប្តូរគោលដៅរបស់ពួកគេពីអ្នកលក់បន្ត និងក្រុមហ៊ុនធានារ៉ាប់រ៉ងទៅឧស្សាហកម្មអាកាសចរណ៍ និងដឹកជញ្ជូន។ ប៉ូលីសអង់គ្លេសបានចាប់ខ្លួនសមាជិក Scattered Spider ម្នាក់ផ្សេងទៀតកាលពីខែកក្កដា ឆ្នាំ២០២៤ ដែលមានអាយុ ១៧ឆ្នាំ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមេរោគចាប់ជម្រិតលើ MGM Resorts កាលពីឆ្នាំ២០២៣។ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរអាមេរិកបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត (អាយុ ១៩ឆ្នាំដែលគេស្គាល់តាមអនឡាញថាជា “Remi” ក៏ជាប់ទាក់ទងនឹងក្រុម Scattered Spider) ដោយចោទពីបទបំពានលើស្ថាប័នហិរញ្ញវត្ថុអាមេរិក និងក្រុមហ៊ុនទូរគមនាគមន៍ចំនួន២។
ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥









