ប្រតិបត្តិការ “Operation Jackal IV” ដែលធ្វើឡើងរួមគ្នាដោយស្ថាប័នអនុវត្តច្បាប់ចំនួន ២២ប្រទេស ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ បានជួយកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ២៦៣នាក់ និងចាប់ខ្លួន ៥៨នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មអនឡាញនៅអាហ្វ្រិកខាងលិច។ ប្រតិបត្តិការនេះផ្តោតសំខាន់លើការរំខានបណ្តាញ ដែលឧក្រិដ្ឋកម្ម Black Axe ធ្វើឡើងពាក់ព័ន្ធនឹងការឆបោកហិរញ្ញវត្ថុតាមអ៊ីនធឺណិតជាសកលដូចជា ការឆបោកបែបបង្កើតទំនាក់ទំនងស្នេហា ការវិនិយោគឆបោក និងរូបិយប័ណ្ណឌីជីថល រួមទាំងការក្លែងបន្លំអ៊ីមែលបែបអាជីវកម្ម។ បណ្តាញទាំងនេះក៏ត្រូវបានភ្ជាប់ទៅនឹងបទល្មើសហិង្សាផងដែរ។
ក្នុងប្រតិបត្តិការ Operation Jackal IV អាជ្ញាធរអាហ្សង់ទីនបានចាប់ខ្លួនបុគ្គលចំនួន ១៧នាក់ និងកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ១៩៦នាក់ ដែលពាក់ព័ន្ធនឹងបណ្តាញ Crime-as-a-Service ដ៏ធំមួយ។ បណ្តាញនេះបានផ្តល់សេវាកម្ម Web Domain និងសេវាលាងលុយដល់ក្រុមឧក្រិដ្ឋកម្មដែលរៀបចំឡើងនៅអាហ្វ្រិកខាងលិច។ នៅអាហ្វ្រិកខាងត្បូង អាជ្ញាធរបានចាប់ខ្លួនបុគ្គលចំនួន ៣៩នាក់ បិទគណនីធនាគារ ២៥៧ គណនី និងរឹបអូសប្រាក់ប្រមាណ ២.៦៧លានដុល្លារ ពីក្រុមឧក្រិដ្ឋកម្មមួយ ដែលវាយប្រហារលើ មនុស្សចូលនិវត្តន៍នៅប្រទេសនិយាយភាសាអង់គ្លេស តាមរយៈការវិនិយោគឆបោក និងការឆបោកបែបមនោសញ្ចេតនា ឬស្នេហា។
ក្នុង Operation Jackal IV ប៉ូលិសរ៉ូម៉ានីបានចាប់ខ្លួនជនសង្ស័យ ១១នាក់ ដែលពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្ម និង Call Center ដែលបោកប្រាស់ជនរងគ្រោះដោយសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ពីភាគហ៊ុន និងរូបិយប័ណ្ណឌីជីថល។ ចំណែកអាជ្ញាធរអ៊ីតាលីបានរកឃើញជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងបណ្តាញលាងលុយឆ្លងប្រទេសអឺរ៉ុប តាមរយៈក្រុមហ៊ុនបំបាំងមុខ សេវាផ្ទេរប្រាក់ និងការដកសាច់ប្រាក់។
ទីភ្នាក់ងារ INTERPOL ក៏បានព្រមានអំពីការឆបោកតាមរយៈ ការគំរាមកំហែងដោយប្រើរូបភាព ឬវីដេអូផ្លូវភេទ ដោយឧក្រិដ្ឋជនទាក់ទងអនីតិជនតាមបណ្តាញសង្គម បង្កើតទំនុកចិត្ត រួចគំរាមផ្សព្វផ្សាយទិន្នន័យទាំងនោះប្រសិនបើពួកគេមិនបង់ប្រាក់លោះ។ ក្រុមឧក្រិដ្ឋកម្មមួយចំនួនក៏ជួលសេវា Crime-as-a-Service តាម Dark Web ដើម្បីអនុវត្តការងារដូចជាលាងលុយជាដើម។
- Operation Red Card 2.0 នៅអាហ្វ្រិកបានចាប់ខ្លួនជនសង្ស័យ ៦៥១នាក់ ក្នុងប្រទេសចំនួន ១៦។
- Operation First Light 2026 ដែលចូលរួមដោយប្រទេសចំនួន៩៧ បានចាប់ខ្លួនជនសង្ស័យ ៥,៨១១នាក់ និងរឹបអូសទ្រព្យសម្បត្តិខុសច្បាប់ប្រមាណ ២៩៣លានដុល្លារ។
សរុប៖ អាជ្ញាធរអន្តរជាតិកំពុងបង្កើនកិច្ចសហការ ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មអនឡាញដែលប្រើការវិនិយោគឆបោក ការឆបោកស្នេហា ការលាងលុយ និងការគំរាមកំហែងតាមអនឡាញ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦








