យុវជនជនជាតិអង់គ្លេសវ័យ ២២ ឆ្នាំម្នាក់ ដែលបានបញ្ឈប់ការវាយប្រហារអ៊ីនធឺណិតជាសកលយ៉ាងហិនហោច កាលពីថ្ងៃសុក្រ បាននិយាយថា រូបគេគ្រោងនឹងបរិច្ចាគប្រាក់ រង្វាន់ ១០,០០០ ដុល្លាររបស់ខ្លួន (£ 7.700) ជូនដល់អង្គការសប្បុរសធម៌ វាអាចជារឿងហួសចិត្តមួយ ដែលមហាជននឹកស្មានមិនដល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យុវជនបញ្ឈប់វីរុស WannaCry ក៏ទទួលការកោតសរសើរមិនដាច់ពីមាត់ពីមនុស្សទូទាំងពិភពលោក ដោយសារតែសន្តានចិត្តដ៏ល្អប្រពៃរបស់ខ្លួន ។
យុវជនរូបនេះ បានប្រាប់ Business Insider ថា៖ «ខ្ញុំពុំបានធ្វើរឿង ដែលខ្ញុំបានធ្វើ ដើម្បីប្រាក់ឬកិត្តិយសកេរ្ដិ៍ឈ្មោះឡើយ “។ «ខ្ញុំចង់ បរិច្ចាគលុយនេះទៅឱ្យមនុស្ស ដែលត្រូវការវា”។
កាលពីចុងសប្តាហ៍មុន ការវាយប្រហារ ransomware មួយ ដែលបានប្រើកម្មវិធី Software “EternalBlue” ដែលលេចធ្លាយពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក និងបានរីករាលដាលយ៉ាងឆាប់រហ័ស នៅជុំវិញពិភពលោក បានបង្កការប៉ះពាល់ស្ថាប័នជាច្រើន នៅក្នុងប្រទេសជាង ១៥០ រួមទាំងសេវាសុខាភិបាលជាតិរបស់អង់គ្លេស ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់អេស្ប៉ាញ Telefonica ក្រុមហ៊ុន Nissan និងក្រុមហ៊ុន FedEx ។
ប៉ុន្តែការរីករាលដាលរបស់វីរុស “WannaCry” នេះ ត្រូវបានបញ្ឈប់ នៅពេលដែលអ្នកស្រាវជ្រាវផ្នែកសន្តិសុខរបស់ចក្រភពអង់គ្លេសម្នាក់ ដែលប្រើកម្មវិធីកម្ចាត់វីរុស MalwareTech បានចុះឈ្មោះគេហទំព័រ ដែលខ្លូនបានរកឃើញ នៅពេលធ្វើការអង្កេតរកកូដមេរោគនេះ។ ពេលចុះឈ្មោះ Website នោះរួចហើយ គាត់ក៏បានបិទម៉ាស៊ីនកុំព្យូទ័រ ក្រោយមកទៀត គាត់ក៏បាន Host វេបសាយជាធម្មតា នៅពេលគាត់ដឹងប្រាកដថា គាត់បានបញ្ឈប់វីរុសនោះរួចហើយ។
ចាប់តាំងពីពេលនោះមក យុវជនរូបនោះ ត្រូវបានចោមរោមដោយអ្នកសារព័ត៌មាន និងសាធារណៈជន ដោយអ្នកកាសែតជាច្រើន បានសួររកឈ្មោះពិតរបស់គាត់ ចុះផ្សាយរូបថតរបស់គាត់ និងលេចមុខ នៅខាងក្រៅផ្ទះរបស់ ជាកន្លែងដែលគាត់រស់នៅ ជាមួយឪពុកម្តាយរបស់គាត់។
បុរសរូបនេះ ត្រូវបានគេផ្ដល់ប្រាក់រង្វាន់ ១០,០០០ ដុល្លារ ប៉ុន្ដែរូបគេនិយាយថា ខ្លួនមិនចង់បានប្រាក់រង្វាន់នេះ នោះទេ។
HackerOne គឺជា Platform ដែលអនុញ្ញាតឱ្យអ្នកជំនាញផ្នែកសន្តិសុខទទួលខុសត្រូវ រាយការណ៍ពីបញ្ហាសុវត្ថិភាពដ៏មានសក្តានុពល នៅក្នុងកម្មវិធី Software ដែលជាញឹកញាប់ អ្នកជំនាញផ្នែកសន្ដិសុខនោះ ទទួលបានមកវិញនូវប្រាក់រង្វាន់ ដែលគេហៅថាប្រាក់រង្វាន់សម្រាប់ការចាប់បានកំហុស ។ ក្នុងការទទួលស្គាល់នៃកិច្ចខិតខំប្រឹងប្រែងរបស់ MalwareTech ក្រុមហ៊ុននេះ បានផ្តល់ជូនប្រាក់រង្វាន់ដល់គាត់ចំនួន ១០,០០០ ដុល្លារ ដោយភ្ជាប់ជាមួយលិខិតជាលាយលក្ខណ៍អក្សរថា៖ “សូមអរគុណសម្រាប់ការស្រាវជ្រាវយ៉ាងសកម្មរបស់អ្នក ចូលទៅក្នុង Malware នេះ និងសម្រាប់ការព្យាយាមធ្វើឱ្យអ៊ិនធឺណិត មានសុវត្ថិភាពជាងមុន!”។
គាត់បានឆ្លើយតបទៅវិញថា គាត់នឹងបរិច្ចាគថវិកាទាំងនេះជូនដល់អង្គការសប្បុរសធម៌។
គាត់បានសរសេរថា៖ “ខ្ញុំមានគម្រោងបង្កើតការបោះឆ្នោតមួយ ដើម្បីសម្រេចថា អង្គការសប្បុរសធម៌មួយណា នឹងទទួលបានសម្លេងភាគច្រើនសម្រាប់ប្រាក់នេះ» ។ «ប្រាក់ ដែលនៅសល់ នឹងយកទៅទិញសៀវភៅ ឬធនធានសម្រាប់ក្រុមមនុស្ស ដែលចង់ទទួលបានព័ត៌មានសន្តិសុខ ដែលពួកគេពុំអាចមានលទ្ធភាព ចំណាយលើសៀវភៅ ឬប្រភពទាំងនោះបាន»៕