ទស្សនៈ ៖ ការតស៊ូរបស់ហេគឃ័រមានក្រមសីលធម៌នៅកម្ពុជា

0

នៅក្នុងអត្ថបទថ្មីៗរបស់ខ្ញុំដែលនិយាយអំពី “សន្តិសុខព័ត៌មាន – សុបិន្តអាក្រក់សម្រាប់និស្សិតផ្នែកព័ត៌មានវិទ្យានៅកម្ពុជា” ខ្ញុំបានធ្វើការចង្អុលបង្ហាញនូវចំនុចសំខាន់នៃការដាក់បញ្ចូលមុខវិជ្ជាសន្តិសុខព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់និស្សិតមហាវិទ្យាល័យ។ ដោយសារតែមិនមានមុខវិជ្ជាទាំងអស់នោះហើយ បានជាអ្នកវិស្វករផ្នែកព័ត៌មានវិទ្យា ប្រៀបបានទៅនឹងបុគ្គលម្នាក់ដែលកំពុងតែរាវរកកូនសោររបស់ខ្លួននៅក្រោមពន្លឺភ្លើងសរសេរដងគោមបំភ្លីផ្លូវ តែតាមពិតនោះ កូនសោររបស់ គាត់បានជ្រុះនៅកន្លែងផ្សេង ដែលគ្មានភ្លើងបំភ្លឺទៅវិញទេ។ នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំនឹងនិយាយអំពី បុគ្គលក្នុងស្រុកដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីក្លាយខ្លួនទៅ ជាហេគឃ័រមានក្របសីលធម៌ (ethical hackers) តែមិនទទួលបានការលើកទឹកចិត្ត និងឲ្យតម្លៃពីសង្គម។ 

ពាក្យថា “ហេគឃ័រ (hacker)” នៅក្នុងបរិបទអ្នកប្រើប្រាស់ IT នៅកម្ពុជា គឺសំដៅទៅដល់មនុស្សអាក្រក់ដែលមានជំនាញពិតប្រាកដមួយក្នុងការហេគចូលទៅកាន់កុំព្យូទ័រ, វេបសាយ ឬ ប្រព័ន្ធរបស់បុគ្គល ឬអង្គភាពណាមួយ។ អ្នកប្រើប្រាស់ទាំងនោះ គឺមិនដែលខ្វល់ឡើយថា ពួកគេគឺជាហេគឃ័រមានក្របសីលធម៌ (ethical hacker) , ហេគឃ័រការពារក្រុមហ៊ុន (white hat) ឬ ហេគឃ័រវាយប្រហារដើម្បីលួចឬបំផ្លាញ (black hat) ឡើយ។

បើតាមការចងចាំរបស់ខ្ញុំ, ក្នុងកំឡុងពេលប៉ុន្មានឆ្នាំមុន, មានបុរសម្នាក់ដែលតាំងខ្លួនឯងថាជា “ហេគឃ័រមានក្របសីលធម៌” ។ ដោយការប្រើប្រាស់នូវងារមួយនេះ គាត់ត្រូវបានក្លាយទៅជាកម្មវត្ថុនៃការតាមដានជារៀងរាល់ថ្ងៃ ពីសំណាក់មិត្តរួមការងារ, សហគមន៍ IT, ឬក្នុងករណីខ្លះដោយភ្នាក់ងារមានសមត្ថកិច្ច ជាពិសេសក្នុង ពេលដែលមានវេបសាយណាមួយត្រូវបានទទួលរងការវាយប្រហារ ដោយសារមនុស្សគ្រប់គ្នាតែងតែសង្ស័យគាត់ជាអ្នកធ្វើ ។ ស្ថិតនៅក្រោមសម្ពាតនេះ គាត់បានបង្ខំចិត្តធ្វើការបោះចោលនូវងារមួយនេះ ដោយការបិទចោល Facebook Page និងវេបសាយរបស់គាត់។ មានតែការធ្វើបែបនេះទេ ទើបគាត់អាចផ្តោតអារម្មណ៍ ធ្វើការងាររបស់គាត់ (មិនទាក់ទងនឹងសន្តិសុខឡើយ) ដោយមិនមានការជ្រៀតជ្រែក ឬក៏បញ្ហាណាមួយកើតឡើង។

ករណីមួយទៀតដែលខ្ញុំលើកយកមកបង្ហាញនាពេលនេះ គឺការរាយការណ៍ក្រៅផ្លូវការអំពីចំនុចខ្សោយរបស់វេបសាយ។ ក្នុងខែមីនា ឆ្នាំ២០១៣ មាននូវហេគឃ័រក្នុងស្រុកមួយចំនួន បានធ្វើការរាយការណ៍អំពីចំនុចខ្សោយនៃវេបសាយក្នុងស្រុកទៅកាន់អភិបាលគ្រប់គ្រងវេបសាយនោះ ហើយក៏បានស្ម័គ្រចិត្តជួយជួសជុលកំហុសឆ្គង ទាំងនោះដោយមិនយកកម្រៃទៀតផង។ ប៉ុន្តែអ្វីដែលពួកគេទទួលបាន គឺជាការគំរាមគំហែងតាមចាប់ ឬប្រាប់ទៅដល់អាជ្ញាធរមានសមត្ថិកច្ចទៅវិញ។ គោលបំណងពិត ប្រាកដនៃហេគឃ័រក្នុងស្រុកទាំងនោះ គឺដើម្បីជួយជួសជុលវាក្នុងការការពារមិនឲ្យហេគឃ័រក្រៅស្រុកចូលមក។

ចាប់តាំងពីឆ្នាំ២០១៤ មក ហេគឃ័រក្នុងស្រុកទាំងនោះហាក់ដូចជាបោះបង់ចោលជំនាញរបស់ខ្លួនទៅហើយ (ដោយមិនបានធ្វើការស្រាវជ្រាវបន្តទៀតឡើយ) ។ ជាជំនួសមកវិញ ពួកគេបានប្រើប្រាស់ជំនាញរបស់គេ ដើម្បីស្វែងរកវិធីសាស្ត្រយកលុយតាមអនឡាញ ដែលយើងស្គាល់ទាំងអស់គ្នា (Google Adsense) ។ តើមានហេតុផលអ្វីដែលត្រូវការរកចំណុចខ្សោយ ហើយអាចប្រឈមមុខនឹងការចាប់ខ្លួន? គ្រាន់តែអង្គុយនៅមុខកុំព្យូទ័រ, រកវិធីសាស្ត្រជុំវិញ ​Adsense, ពួកគេអាចរកប្រាក់បានរាប់ពាន់ដុល្លាអាមេរិកក្នុងមួយ (01) ខែ ដែលអ្នកជំនាញផ្នែកសន្តិសុខមិនអាចរកបានប្រាក់ខែដូចនោះឡើយ។ វាងាយស្រួលណាស់ មែនទេ? យើងបានបាត់បង់នូវអ្នកជំនាញក្មេងៗ ដែលយ៉ាងហោចណាស់គឺជាអ្នកជួយជម្រុញវិស័យសន្តិសុខព័ត៌មាន ឲ្យឈានទៅប្រកួតប្រជែងថ្នាក់តំបន់ (បើសិនជាមិនអាចដល់ ថ្នាក់អន្តរជាតិនោះទេ) ។

LEAVE A REPLY

Please enter your comment!
Please enter your name here