AlphaBay Market គឺជាទីផ្សារងងឹតធំមួយនៅក្នុង Dark Web សម្រាប់ការជួញដូរថ្នាំញៀន កាំភ្លើង និងទំនិញខុសច្បាប់ត្រូវគេរាយការណ៍ថាបានបិទហើយក្រោយការវាយឆ្មក់របស់ប៉ូលីសអន្តរជាតិ។ កាលពីថ្ងៃទី 4 ខែកក្កដា ទីផ្សារងងឹតមួយនេះត្រូវបិទដោយគ្មានការពន្យល់ណាមួយពី Admins នោះទេដែលបន្សល់ទុកនូវការស្លន់ស្លោរសម្រាប់អ្នកប្រើប្រាស់ដែលចំណាយទឹកប្រាក់យ៉ាងច្រើននៅក្នុងទីផ្សារងងឹតនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់សារព័ត៌មាន Wall Street Journal ការបិទទីផ្សារងងឹត AlphaBay គឺបន្ទាប់ពីអាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិច កាណាដា និងថៃសហការគ្នាក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ និងចាប់ខ្លួន Alexandre Cazes ដែលត្រូវគេដឹងថាជាអ្នកគ្រប់គ្រងម្នាក់នៅលើទីផ្សារងងឹត AlphaBay ។ Cazes គឺជាពលរដ្ឋជនជាតិកាណាដាត្រូវចាប់ខ្លួននៅប្រទេសថៃ និងឃុំខ្លួននៅទីក្រុងបាំងកកនៅថ្ងៃទី 5 ខែកក្កដា ហើយនៅថ្ងៃដដែលនោះប៉ូលីសក៏វាយឆ្មក់ពីរលើកនៅក្នុងលំនៅដ្ឋានរបស់ជនសង្ស័យនេះនៅក្នុងទីក្រុង Quebec ប្រទេសកាណាដា។ ជនសង្ស័យរូបនេះជាជនជាតិកាណាដាអាយុ 26 ឆ្នាំកំពុងរង់ចាំការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកនៅពេលឆ្មាំម្នាក់រកឃើញថាគាត់ត្រូវបានព្យួរកនៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់កាលពីថ្ងៃពុធ។ Cazes ត្រូវគេដឹងថាធ្វើអត្តឃាតដោយព្យួរកខ្លួនឯងនៅក្នុងគុកដោយប្រើប្រាស់កន្សែងពោះគោ។
Cazes រស់នៅក្នុងប្រទេសថៃជិតរយៈពេល 8 ឆ្នាំ។ នៅក្នុងអំឡុងពេលចាប់ខ្លួននេះ អាជ្ញាធររឹបអូសឡានម៉ាក Lamborghini ចំនួន 4 គ្រឿង និងផ្ទះបីកន្លែងដែលមានតម្លៃសរុបទាំងអស់ប្រមាណជា 11.7 លានដុល្លារអាមេរិច។ AlphaBay ត្រូវគេស្គាល់ថាជាទីផ្សារ “Silk Road” ថ្មីមួយទៀតដែលទើបបង្ហាញខ្លួននៅដើមឆ្នាំនេះនៅពេលដែលហេគឃ័រទទួលជោគជ័យក្នុងការហេគនៅក្នុងទីផ្សារ AlphaBay និងលួចយកសារ unencrypted messages ចំនួនដល់ទៅ 200000 ពីអ្នកប្រើប្រាស់ជាច្រើន។ ក្រោយពីការបិទ Silk Road ទីផ្សារ AlphaBay បង្ហាញខ្លួននៅក្នុងឆ្នាំ 2014 ហើយវាបានក្លាយជាទីផ្សារងងឹតធំបំផុតមួយសម្រាប់ការលក់ទំនិញខុសច្បាប់ដូចជាគ្រឿងញៀន ការលួចលេខកាតឥណទាន ការកេងប្រវ័ញ្ចទៅលើចំណុចខ្សោយ និងមេរោគ។ ខុសគ្នាពីទីផ្សារងងឹត ‘Evolution’ ដែលបាត់ខ្លួនភ្លាមៗពីអ៊ីនធើណិតក្រោយការលួចលុយរាប់លានដុល្លារតាមរយៈ Bitcoins ពីអ្នកប្រើប្រាស់របស់ខ្លួន ទីផ្សារងងឹត AlphaBay ក៏ត្រូវបិទដូចគ្នាក្រោយការអនុវត្តន៍ច្បាប់ ហើយជោគវាសនារបស់វាគឺស្រដៀងទៅនឹង Silk Road ។ Silk Road ត្រូវបិទបន្ទាប់ពីការអនុវត្តន៍ច្បាប់ទៅលើការវាយឆ្មក់ទៅលើម៉ាស៊ីន Servers ក្នុងឆ្នាំ 2013 ហើយប៉ូលីសក៏ចាប់ខ្លួនស្ថាបនិក Ross William Ulbricht ដែលត្រូវកាត់ទោសអោយជាប់គុកមួយជីវិត។ FBI ក៏រឹបអូសនូវ Bitcoins (មានតម្លៃប្រហែលជា 33.6 លានដុល្លារ) ចេញពីទីផ្សារងងឹតនេះផងដែរ។ Bitcoins ត្រូវគេដាក់លក់នៅក្នុងទម្រង់ដេញថ្លៃនៅក្នុង United States Marshals Service (USMS) ៕