ប្រសិនបើឧបករណ៍ប្រើប្រាស់របស់អ្នកមានភាពឆ្លាតវៃគ្រប់គ្រាន់ដើម្បីឱ្យជីវិតរស់នៅរបស់អ្នកកាន់តែប្រសើរនោះ ឧបករណ៍ឆ្លាតវៃទាំងនោះក៏អាចផ្តល់ឱកាសឱ្យក្រុមហេគឃ័រធ្វើការឈ្លានពានទៅលើឧបករណ៍ប្រើប្រាស់ទាំងនេះដើម្បីតាមដានអ្នកវិញផងដែរប្រសិនបើវាមិនត្រូវបានធានាសុវត្ថិភាពគ្រប់គ្រាន់ទេនោះ។ នៅក្នុងរបាយការណ៍ថ្មីៗនេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជាច្រើនរបស់ក្រុមហ៊ុន Check Point ក៏បញ្ជាក់អំពីការព្រួយបារម្ភទៅលើប្រព័ន្ធសុវត្ថិភាពនៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា LG នោះ។ ក្រុមអ្នកស្រាវជ្រាវរបស់ Check Point រកឃើញនូវចំណុចខ្សោយនៃប្រព័ន្ធសុវត្ថិភាពនៅលើ LG SmartThinQ Smart Home Devices ដែលអនុញ្ញាតឱ្យធ្វើការបញ្ជាហេគតាមប្រព័ន្ធអ៊ីនធើណិតដូចជាទូទឹកកក ចង្រ្កាន ម៉ាស៊ីនលាងចាន ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនបោកខោអាវដែលផលិតដោយក្រុមហ៊ុន LG ។ ក្រុមហេគឃ័រអាចធ្វើការបញ្ជាគ្រប់គ្រងទៅលើឧបករណ៍ LG Home-Bot, កាមេរ៉ាភ្ជាប់ជាមួយនឹងម៉ាស៊ីនសម្អាតដើម្បីធ្វើការថតវីដេអូ Live បញ្ជូនទៅកាន់ Network ។ កំហុសឆ្គងនោះគឺថាវាអនុញ្ញាតឱ្យហេគឃ័រធ្វើការបញ្ជាតាមរយៈការ Log in ចូលទៅក្នុងកម្មវិធី SmartThinQ Cloud Application និងអាចកាន់កាប់ទៅលើគណនីជនរងគ្រោះរបស់ក្រុមហ៊ុន LG បាន។
តើអ្វីដែលអ្នកត្រូវធ្វើ?
ក្រុមអ្នកស្រាវជ្រាវរកឃើញកំហុសឆ្គងនៅលើឧបករណ៍របស់ក្រុហ៊ុន LG នៅថ្ងៃទី 31 ខែកក្កដា ហើយក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏ធ្វើការ Update ទៅលើ Patch ដើម្បីដោះស្រាយបញ្ហានេះនៅក្នុងខែកញ្ញាផងដែរ។ ប្រសិនបើលោកអ្នកប្រើប្រាស់នូវឧបករណ៍ LG SmartThinQ នោះ អ្នកគួរតែធ្វើការ Update នូវកម្មវិធី LG SmartThinQ Mobile App ទៅកាន់ជំនាន់ចុងក្រោយ 1.9.23 តាមរយៈ Google Play Store, Apple App Store ឬ LG SmartThinQ Settings ៕