អតីតបុគ្គលិកដែលធ្វើការនៅទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (National Security Agency) សារភាពនៅថ្ងៃសុក្រនេះថា ខ្លួនពិតជារំលោភបំពានតាមរយៈការយកឯកសារជាច្រើនទុកនៅផ្ទះ ហើយក្រោយមកវាក៏ត្រូវលួចដោយក្រុមហេគឃ័ររបស់រុស្សី។ នៅក្នុងសន្នីសីទកាសែតមួយ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកប្រកាសថា លោក Nghia Hoang Pho វ័យ ៦៧ ឆ្នាំរស់នៅក្នុងតំបន់ Ellicott City, Maryland យកឯកសារជាច្រើនដែលជាព័ត៌មានសម្ងាត់កំពូលរបស់ជាតិចេញពីទីភ្នាក់ងារនៅចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៥ ។
លោក Pho ធ្វើការជាអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ប្រតិបត្តិការ Tailored Access Operations (TAO) នៃក្រុមហេគនៅ NSA ត្រូវគេរាយការណ៍ថាលួចឯកសារ និង Tools ជាច្រើនសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ Windows របស់គាត់នៅផ្ទះដែលដំណើរការកម្មវិធី Kaspersky Lab នោះ។ យោងតាមអាជ្ញាធរបញ្ជាក់ថា កម្មវិធីការពារមេរោគ Kaspersky Labs ត្រូវគេដឹងថាហេគដោយក្រុមហេគឃ័រនៅក្នុងប្រទេសរុស្សី។ ក្រុមហេគឃ័រនេះលួចទិន្នន័យសម្ងាត់កំពូលជាច្រើនរបស់ NSA និងការហេគទៅលើកុំព្យូទ័ររបស់លោក Pho នៅផ្ទះតាំងពីឆ្នាំ ២០១៥។
នាយកដ្ឋានសន្តិសុខសុវត្ថិភាព Department of Homeland Security (DHS) របស់សហរដ្ឋអាមេរិកទើបតែហាមឃាត់ទៅលើការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ Kaspersky Labs ពីកុំព្យូទ័រទាំងអស់របស់រដ្ឋាភិបាលដោយសង្ស័យថាក្រុមហ៊ុននេះពាក់ព័ន្ធជាមួយនឹងទីភ្នាក់ងារចារកម្មរបស់រុស្សី និងការភ័យខ្លាចចារកម្មថែមទៀតផង។
លោក Pho ក៏សារភាពពីកំហុសរបស់ខ្លួននៅក្នុងតុលាការក្នុងស្រុកនៅ Baltimore នៃសហរដ្ឋអាមេរិក ហើយតុលាការក៏ចោទប្រកាន់ពីការយកឯកសារសម្ងាត់ចេញពីទីភ្នាក់ងារដោយចេតនា និងការរក្សាទុកព័ត៌មានជាតិដោយគ្មានការអនុញ្ញាតនោះ។ បទល្មើសនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំខណៈពេលដែលព្រះរាជអាជ្ញាសហព័ន្ធនិយាយថា លោក Pho ប្រហែលជាជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ។ លោក Pho នៅតែមានសេរីភាពដដែលខណៈពេលដែលលោករង់ចាំការកាត់ទោសនៅថ្ងៃទី ៦ ខែមេសា ឆ្នាំក្រោយនេះ៕