លោក Pavel Lerner អ្នកជំនាញដ៏ល្បីនៅក្នុងប្រទេសរុស្សី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណវត្ថុ crypto-exchanges EXMO ត្រូវបានចាប់ជំរិតដោយឧក្រិដ្ឋជនមិនស្គាល់ឈ្មោះនៅក្នុងរដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអ៊ុយក្រែន លោក Lerner មានវ័យ ៤០ ឆ្នាំជាជនជាតិរុស្សីត្រូវចាប់ជំរិតនៅថ្ងៃទី ២៦ ខែធ្នូនៅពេលដែលគាត់ចាកចេញពីការិយាល័យនៅក្នុងតំបន់ Stepan Bandera Avenue ។
ជនចាប់ជំរិតស្លៀកពាក់ខោអាវខ្មៅចាប់អូសលោក Lerner ចូលទៅក្នុងរថយន្ត Mercedes-Benz Vito ពណ៌ខ្មៅដែលមានស្លាកលេខ AA 2063 MT និងបើកចេញឆ្ងាយទៅ។ លោក Lerner គឺជាអ្នកជំនាញផ្នែក IT នៅក្នុងប្រទេសអ៊ុយក្រែនដែលដឹកនាំការអភិវឌ្ឍទៅលើបច្ចេកវិទ្យា blockchain technology និងប្រតិបត្តិការ Mining ។ លោក Learner គឺជានាយកប្រតិបត្តិរបស់ EXMOO ដែលជាកន្លែងផ្លាស់ប្តូររូបិយប័ណ្ណ cryptocurrency exchange ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសនៅក្នុងឆ្នាំ ២០១៣។
អ្នកតំណាងរបស់ក្រុមហ៊ុនធានាទៅដល់អតិថិជនរបស់ខ្លួនថា ប្រតិបត្តិការនៅក្នុង EXMO មិនរងផលប៉ះពាល់នៅក្នុងឧប្បតិ្តវហេតុនេះនោះទេ ហើយលោក Lerner មិនអាចធ្វើការចូលទៅដំណើរការទៅលើគណនី cryptocurrency account ឬទិន្នន័យរបស់អ្នកផ្សេងនោះទេ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែកក្កដា ឆ្នាំ ២០១៧ លោក Alexander Vinnik ជាជនជាតិរុស្សីវ័យ ៣៨ ឆ្នាំ និងជាប្រតិបត្តិករនៃកន្លែងផ្លាស់ប្តូររូបិយប័ណ្ណ cryptocurrency exchange BTC-e ត្រូវចាប់ឃុំខ្លួននៅក្នុងភាគខាងជើងនៃប្រទេសក្រិចតបតាមសំណើររបស់អាជ្ញាធរអាមេរិក។ លោក Vinnik ត្រូវចោទប្រកាន់ពាក់ព័ន្ធទៅនឹងការហេគទៅលើ Mt. Gox នៅក្នុងឆ្នាំ ២០១៤ ដែលជាការប្លន់ទឹកប្រាក់យ៉ាងហោចណាស់ ៣៧៥ លានដុល្លារអាមេរិកនៅក្នុង Bitcoin ៕