អ្នកបង្កើតមេរោគនៅលើប្រព័ន្ធប្រតិបត្តិការ macOS ត្រូវចោទប្រកាន់ពីការធ្វើចារកម្មទៅលើកុំព្យូទ័ររាប់ពាន់គ្រឿងអស់រយៈពេលជាង 13 ឆ្នាំ

0

ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកសម្រេចធ្វើការចោទប្រកាន់ 16 ករណីទៅលើអ្នកសរសេរកម្មវិធីកុំព្យូទ័រម្នាក់មកពីទីក្រុង Ohio ដែលធ្វើការបង្កើត និងតម្លើងនូវមេរោគ Spyware នៅលើកុំព្យូទ័រជាច្រើនរាប់ពាន់គ្រឿងអស់រយៈពេល 13 ឆ្នាំមកហើយ។

យោងតាមការចោទប្រកាន់នេះ លោក Phillip R. Durachinsky វ័យ 28 ឆ្នាំត្រូវគេចោទប្រកាន់ថាជាអ្នកបង្កើតនូវមេរោគ FruitFly malware ដែលមានគោលដៅសម្រាប់អ្នកប្រើប្រាស់នៅលើកុំព្យូទ័រ Apple Mac ជាពិសេសនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍នោះ លោក Durachinsky នៅក្នុងវ័យត្រឹមតែ 14 ឆ្នាំប៉ុណ្ណោះ គាត់បង្កើតនូវមេរោគ FruitFly malware ជំនាន់ version ដំបូងបំផុត ហើយនេះគឺជាទ្វារក្រោយសម្រាប់ Trojan ដែលរកឃើញជាច្រើនឆ្នាំមកហើយ។ មេរោគថ្មីនេះត្រូវរកឃើញដំបូងបំផុតនៅក្នុងខែមករាឆ្នាំ 2017 នេះដោយក្រុមហ៊ុន Malwarebytes ហើយបន្ទាប់មកលោក Patrick Wardle ដែលជាអតីតហេគឃ័រនៅ NSA រកឃើញថា កុំព្យូទ័រ Mac ប្រហែលជា 400 គ្រឿងឆ្លងមេរោគ FruitFly នេះ។ លោក Wardle ជឿជាក់ថា ចំនួននៃកុំព្យូទ័រ Macs ដែលរងគ្រោះនោះគឺច្រើនជាងនេះទៀត។

មេរោគនេះមានលទ្ធភាពត្រួតពិនិត្យទៅលើឧបករណ៍ដំណើរការ macOS ជាមួយនឹងសមត្ថភាពក្នុងការគ្រប់គ្រងទៅលើ webcams, microphones, screen, mouse និង keyboards រួមទាំងការតម្លើងនូវកម្មវិធីមេរោគសង្ស័យជាច្រើនទៀត។ ចាប់តាំងពី Source Code នៅក្នុង FruitFly នេះក៏មានប្រើប្រាស់នូវការបញ្ជា Linux shell commands ហើយក្រុមអ្នកស្រាវជ្រាវជឿជាក់ថាមេរោគនេះអាចដំណើរការយ៉ាងល្អនៅលើប្រព័ន្ធប្រតិបត្តិការ Linux ។

ចាប់ពីឆ្នាំ 2003 រហូតដល់ខែមករាឆ្នាំ 2017 លោក Durachinsky ប្រើប្រាសនូវមេរោគ Spyware ដែលក្រោយមកដាក់ឈ្មោះថា FruitFly សម្រាប់ចូលទៅដំណើរការនូវកុំព្យូទ័រជាច្រើនរាប់ពាន់ដែលជារបស់បុគ្គល ក្រុមហ៊ុន សាលារៀន នាយកដ្ឋានប៉ូលិស និងផ្នែករបស់នាយកដ្ឋានថាមពលរបស់សហរដ្ឋអាមេរិកផងដែរ។

លោក Durachinsky ត្រូវចោទប្រកាន់ថាប្រើប្រាស់នូវមេរោគ malware នេះដើម្បីលួចយកនូវព័ត៌មានទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះរួចមាន tax records, banking records, medical records, login credentials, photographs, Internet searches និង communication ថែមទៀត។​ ក្រៅពីការតម្លើងមេរោគ Fruitfly លោក Durachinsky ក៏ត្រូវចោទប្រកាន់ពីការផលិតនូវវីដេអូអាសអាភាសកូនក្មេង ហើយមេរោគនេះនឹងជូនដំណឹងដល់គាត់នៅពេលដែលអ្នកប្រើប្រាស់វាយពាក្យអាសអាភាសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here