សម្រាប់មនុស្សជាច្រើនដែលមិនដឹងអំពីបច្ចេកវិទ្យាគិតថា Bitcoin ប្រហែលជាកាក់មាស (Gold Coin) ដែលបង្ហាញរូបនៅក្នុងរូបភាពភាគហ៊ុនជាច្រើន ហើយនេះប្រហែលជាធ្វើឱ្យក្រុមចោរប្លន់មានគម្រោងក្នុងការប្លន់នូវកន្លែងផ្លាស់ប្តូររូបិយប័ណ្ណ Cryptocurrencies នេះ។
រឿងដែលគួរឱ្យអស់សំណើចមួយដែលកើតឡើងនៅថ្ងៃអង្គារ៍ពេលព្រឹកនេះនៅពេលដែលបុរសប្រដាប់ដោយកាំភ្លើង 3 នាក់ចូលទៅក្នុងការិយាល័យនៃកន្លែងផ្លាស់ប្តូររូបិយប័ណ្ណ Bitcoin មួយកន្លែងនៅក្នុងប្រទេសកាណាដានៅក្នុងតំបន់ Ottawa ដែលនៅទីនេះមានបុគ្គលិកចំនួន 4 នាក់។
ក្រុមចោរប្លន់ប្រដាប់អាវុធនេះវាយទៅលើក្បាលរបស់បុគ្គលិកម្នាក់ជាមួយនឹងកាំភ្លើងដោយស្នើឱ្យពួកគេធ្វើប្រតិបត្តិការទៅលើការផ្លាស់ប្តូររូបិយប័ណ្ណនេះ។ សម្រាប់បុគ្គលិកម្នាក់ទៀតដែលស្ថិតនៅការិយាល័យធ្វើការខលទៅកាន់ប៉ូលិសមុនពេលដែលទ្រព្យសម្បត្តិទាំងនោះត្រូវធ្វើបត្តិការ ហើយចោរប្លន់នោះមិនទទួលបានអ្វីនោះទេ។
ជនសង្ស័យម្នាក់នៅក្នុងចំណោមពួកគេត្រូវចាប់ខ្លួនបាននៅថ្ងៃពុធនេះបន្ទាប់ពីមន្រ្តីប៉ូលិសរកឃើញគាត់រត់ទៅកាន់ជ្រោះមួយនៅភាគខាងជើងនៃផ្លូវ Colonnade Road នេះបើតាមការបញ្ជាក់របស់ CBC News ។ ជនសង្ស័យនេះមានឈ្មោះថា Jimmy St-Hilaire ដែលមានអាយុ 19 ឆ្នាំត្រូវចាប់ឃុំខ្លួនហើយក៏បង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី 24 ខែមករាឆ្នាំ 2018 នេះផងដែរ។ ប៉ូលិស Ottawa កំពុងតែស្វែងរកនូវជនសង្ស័យពីរនាក់ផ្សេងទៀត។ សម្រាប់គ្រោះថ្នាក់ស្រដៀងគ្នានេះក៏កើតឡើងកាលពីខែមុននេះដែរនៅពេលដែលចោរប្លន់ធ្វើការចាប់ជំរិតទៅលើនាយកប្រតិបត្តិនៃ Cryptocurrency Exchange EXMO Finance ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសត្រូវគេដឹងថាទទួលទឹកប្រាក់ដល់ទៅ 1.8 លានដុល្លារអាមេរិកសម្រាប់ការដោះលែងគាត់៕