ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា របស់វៀតណាម បានចូលជាធរមាន នៅថ្ងៃអង្គារ៍ ទី១មករា ម្សិលមិញ។ អង្គការការពារសិទ្ធមនុស្ស គិតថា ច្បាប់ថ្មីនេះ នឹងរំលោភលើសិទ្ធអ្នកប្រើប្រាស់អ៊ីនធ័រនែត និងដើម្បីតែពង្រឹងអំណាចរដ្ឋ។ ចំណែក អង្គការអ្នកកាសែតអន្តរជាតិ ឈ្វេងយល់ថា ច្បាប់ថ្មីនេះ នឹងជិះជាន់សេរីភាពព័ត៌មានកាន់តែខ្លាំង។ ក៏ប៉ុន្តែ របបដឹកនាំក្រុងហាណូយ អះអាងថា ច្បាប់អនុម័តឡើងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពប្រទេសជាតិ។
ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា របស់ប្រទេសកុម្មុយនីស្តមួយនេះ នឹងតម្រូវឲ្យក្រុមហ៊ុនអ៊ីនធ័រនែតដែលរកស៊ីនៅវៀតណាម ត្រូវលុបចោលរាល់ខ្លឹមសារទាំងឡាយណាលើបណ្តាញសង្គមមនិងលើទំព័រអ៊ីនធ័រនែត ដែលរដ្ឋអំណាចវៀតណាម យល់ថា ប៉ះពាល់ដល់សន្តិសុខជាតិ។
មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ លុបចោលរាល់បណ្តាញអ៊ីនធ័រនែតទាំងឡាយណា ដែលមានផ្សាយខ្លឹមសារ បង្កឲ្យខូចខាតប៉ះពាល់ប្រវត្តិសាស្ត្រ ឬក៏ផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សង្គមនិងសកម្មភាពសេដ្ឋកិច្ចជាតិ។
អ្នកតំណាងក្រុមហ៊ុនយក្ស Facebook បានលើកឡើងបែបការទូត ថាខ្លួននឹងលុបរាល់ខ្លឹមសារណា ដែល Facebook ពិចារណាឃើញថា ប្រាស់ចាកពីគោលការណ៍ជាមូលដ្ឋានរបស់ហ្វេសបុក។ ហើយអ្នកតំណាងក្រុម Facebook បញ្ជាក់ទៀតថា ក្រុមហ៊ុននេះ មានយន្តការច្បាស់លាស់ ដើម្បីពិនិត្យរាល់សំណើរបស់គ្រប់រដ្ឋាភិបាលនៅលើពិភពលោក។
ចំណែកក្រុមហ៊ុន Google វិញ ដែលត្រៀមខ្លួនប្រុងនឹងបង្កើតការិយាល័យនៅទីក្រុងហាណូយហើយនោះ នៅមិនទាន់បញ្ចេញជំហរអ្វីទេ។ ក៏ប៉ុន្តែ បើតាមសេចក្តីបញ្ជារបស់ច្បាប់ថ្មី គឺរាល់ក្រុមហ៊ុនអ៊ីនធ័រនែត ដែលរកស៊ីនៅស្រុកវៀតណាម គឺត្រូវបង្កើតការិយាល័យតំណាងនៅទីនោះ។ ហេតុនេះ គឺសេរីភាពរបស់ Google ក៏មិនដឹងថាអាចត្រូវធានាបានកម្រិតនានោះទេ នៅពេលដែលក្រុមហ៊ុនយក្សនេះបើកការិយាល័យជាផ្លូវការនៅវៀតណាម។
ច្បាប់ថ្មីនេះ ត្រូវសភារបបសង្គមនិយម អនុម័តនៅខែមិថុនាឆ្នាំមុន ហើយនៅវិច្ឆិកាឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ រដ្ឋអំណាចវៀតណាម បានចេញក្រឹត្យមួយ ព្រមានឲ្យក្រុមហ៊ុនអ៊ីនធ័រនែតទាំងអស់ រៀបចំត្រៀមខ្លួន ឲ្យសមស្របតាមគោលការណ៍ណែនាំរបស់បទបញ្ញត្តិថ្មី។ រដ្ឋទុកពេលឲ្យ១ឆ្នាំ សម្រាប់សម្របសម្រួលកិច្ចការនេះ។
ជាការកាត់សម្គាល់ ច្បាប់ថ្មីនេះ បានចូលជាធរមាន គឺតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីសមាគមអ្នកកាសែតវៀតណាម ចេញក្រមវិន័យវិជ្ជាជីវៈ ហាមប្រាមកុំឲ្យអ្នកកាសែតសរសេរព័ត៌មាន ផ្សាយរូបភាព និងចុះផ្សាយខ្លឹមសារ ប្រឆាំងនឹងរដ្ឋអំណាច។ អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Sans frontières និង អង្គការសិទ្ធមនុស្ស Humain Right Watch សុទ្ធតែយល់ដូចគ្នាថា រដ្ឋាភិបាលវៀតណាម កំពុងតែផ្តាច់ការត្រួតត្រាអ្នកកាសែត និងបិទខ្ទប់សេរីភាពសារព័ត៌មាន។
គួរជ្រាបថា វៀតណាម មានពលរដ្ឋជាង៩៣លាននាក់ ហើយអ្នកប្រើអ៊ីនធ័រនែត មានប្រមាណជា៥០លាននាក់។ វៀតណាម ក៏ជាប់ចំណាត់ថ្នាក់ ជាប្រទេស១ក្នុងចំណោម១០ប្រទេស ដែលនិយមប្រើ Facebook ច្រើនជាងគេ នៅលើពិភពលោក៕
