ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១៦ ខែមករានេះ បានឲ្យដឹងថា សមាជិកនៃកងកម្លាំងប៉ូលិស តំបន់កាតាឡាន បានធ្វើការឃាត់ខ្លួនមនុស្ស យ៉ាងហោចណាស់១៧នាក់ នៅក្នុងប្រតិបត្តិការប្រឆាំង នឹងក្រុមភេរវជនមួយក្រុម ដែលសង្ស័យថា កំពុងមានបង្កើន បណ្តាញនៅក្នុងទីក្រុង បាសេឡូណា និងទីក្រុងក្បែរនោះ។
កងកម្លាំងប៉ូលីស បានបញ្ជាក់នៅលើ Twitter របស់ខ្លួនកាលពីរសៀលថ្ងៃអង្គារថា ប្រតិបត្តិការ ដែលមានឈ្មោះ Caso Alexandria បានបង្កើតការចាប់ខ្លួន ពួកក្រុមជីហាដនិយមសង្ស័យ ចំនួន១៧នាក់ ដោយក្នុងនោះមាន១៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុង ទីក្រុងបាសេឡូណា ។
ប្រភពដដែលនេះបានអះអាងថា ក្រុមជីហាដនិយមនៅក្នុងទីក្រុងបាសេឡូណាទាំងនោះ ទំនងជាត្រៀមរៀបចំផែនការ ការវាយប្រហារភេរវករមួយ ទៅលើអ្នកកាសែត។ La Vanguardia ដែលមានមូលដ្ឋាននៅកាតាឡែន បានរាយការណ៍ថាស្នូលរឹង នៃបណ្តាញនេះត្រូវបានបង្កើតឡើង ដោយជនជាតិអាល់ហ្សេរី៥ នាក់ ដែលទាំងអស់នេះធ្លាប់មានកំណត់ត្រាបទល្មើស ព្រហ្មទណ្ឌមុនរួមមានទាំងសកម្មភាពប្លន់ ដោយអំពើហឹង្សានិងការជួញដូរគ្រឿងញៀន នៅក្នុងទីក្រុងបាសេឡូណានេះ៕