សេតវិមានច្រាន​ចោលព័ត៌មានថា កូនស្រីលោក ត្រាំ នឹង​អាចក្លាយជា​នាយកថ្មី​នៃ​ធនាគារ​ពិភពលោក

0

សេតវិមានបាន​ចេញមុខ​បញ្ជាក់ថា អ្នកនាង អ៊ីវែនកា ត្រាំ (Ivanka Trump) ដែលជាទីប្រឹក្សា និងជាកូនស្រីបង្កើត​​របស់​​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ ពុំស្ថិតក្រោម​ការពិចារណា​ ដើម្បីក្លាយជាអគ្គនាយកថ្មីនៃធនាគារ​ពិភពលោកឡើយ។ នេះ​បើតាមការ​ដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ​ព័ត៌មានមួយចំនួន​នៅជុំវិញពិភពលោក ដែលបានចេញផ្សាយថា អ្នកនាង Ivanka កំពុងស្ថិតក្រោម​ការពិចារ​ណា​​សម្រាប់​តំណែង​ជា​​​ប្រធានធនាគារ​ពិភពលោក​ថ្មីនោះ គឺមិនពិត​ឡើយ​ដោយអ្នកនាង​គ្រាន់តែត្រូវបានរដ្ឋមន្រ្តី​ហិរញ្ញវត្ថុអាមេរិក ​លោក ស្ទេវិន ម៉ានូឃីន (Steven Mnuchin) និង​​នាយ​ឧុទ្ទកាល័យស្តីទី​សេតវិមាន​ លោក ម៉ៃខ៍ មុលវ៉ាណី (Mick Mulvaney) ស្នើឲ្យជួយ​ចាត់ចែងនីតិវិធី​ នៃ​ការជ្រើសរើស​​បេក្ខភាព​របស់​​សហរដ្ឋ​អាមេរិក​​​សម្រាប់តំណាងនោះប៉ុណ្ណោះ ដោយសារតែ​អ្នកនាង Ivanka ​ធ្លាប់បានធ្វើការងារ​យ៉ាងជិតស្និទ្ធ ​ជាមួយ​ថ្នាក់ដឹកនាំ​​​ធនាគារ​​ពិភព​លោក​ក្នុងរយៈពេល ០២ឆ្នាំ​ចុងក្រោយនេះ។

គួរជម្រាបថា កាលពី​សប្តាហ៍មុន ធនាគារពិភពលោក​បានដាក់ចេញ​ពីដំណើរការជ្រើស​រើស​​អគ្គនាយក​ថ្មី​​ ដើម្បីឡើង​ជំនួស​​លោក ជីម យ៉ុងឡីម (Jim Yong Kim) ដែលបានប្រកាស​លាលែងមុនអាណត្តិលោក​ត្រូវបញ្ចប់។ សម្រាប់​ឈ្មោះ​បេក្ខភាព​នឹងត្រូវ​បញ្ជូន​​ទៅ​ឲ្យធនាគារពិភពលោក​ នៅ​ចន្លោះថ្ងៃទី០៧ ខែកុម្ភៈ និងថ្ងៃទី១៤ ខែមីនា ហើយ​គណៈប្រឹក្សានាយករបស់ធនាគារ​​ នឹង​សម្រេច​ជ្រើស​រើស​​អគ្គ​​​នាយកថ្មីឲ្យបាន​មុនកិច្ចប្រជុំប្រចាំ​ឆ្នាំ ដែលប្រព្រឹត្តទៅ​នៅខែមេសា ឆ្នាំ២០១៩ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here