«ការចុះចតយាន្តអវកាសរបស់ប្រទេស ចិន នៅផ្ទៃម្ខាងទៀតនៃឋានព្រះច័ន្ទ គឺជាសមិទ្ធផលថ្មីខាងផ្នែកបច្ចេកវិទ្យា ជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញពីសមត្ថភាព និងមហិច្ឆតារបស់ចិន» នេះជាការលើកឡើងរបស់សាស្ត្រាចារ្យម្នាក់ប្រចាំសាកលវិទ្យាល័យ Cameron។
កាលពីសប្តាហ៍មុន ប្រទេសចិនបានក្លាយជាប្រទេសទីបី ដែលធ្វើការស៊ើបអង្កេតនៅលើឋានព្រះច័ន្ទ។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺប្រទេស ចិន ក្លាយជាប្រទេសទីមួយដែលបានធ្វើការសិក្សានៅលើផ្ទៃម្ខាងទៀតនៃព្រះច័ន្ទ ឬហៅថាផ្នែកងងឹត ដែលមនុស្សនៅលើភពផែនដីមិនធ្លាប់បានឃើញទាល់តែសោះ។ សមត្ថភាពនៃការចុះចតនៅលើផ្ទៃងងឹតនៃភពព្រះច័ន្ទ គឺជាភាពជោគជ័យនៃបច្ចេកវិទ្យារបស់មួយទៀតរបស់ប្រទេស ចិន ដែលប្រទេសរុស្ស៊ី ឬសហរដ្ឋអាមេរិក មិនទាន់ធ្វើបាននៅឡើយ។
ការងារស៊ើបអង្កេត នៃយាន្តអាវកាស Chang’e-4 គឺជានិមិត្តរូបនៃភាពរីកចម្រើននៃកម្មវិធីអវកាសចិន និងការប្រមូលផ្តុំនូវសមត្ថភាពដ៏សំខាន់សម្រាប់ប្រទេសចិនខ្លួនឯង និងសម្រាប់ការចងទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅទូទាំងពិភពលោក។ ដំណឹងថ្មីនេះកំពុងបង្កឱ្យសហរដ្ឋអាមេរិក ពិបាកបើកភ្នែកទទួលយកជាខ្លាំង ស្របពេលដែលរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ចាត់ទុកកម្មវិធីអវកាស និងការរុករកនានានៅលំហអាកាសក្នុងពេលអនាគតគឺជារឿងប្រកួតប្រជែងដ៏សំខាន់។
កត្តាដ៏សំខាន់មួយដែលបានជំរុញគោលនយោបាយអវកាសរបស់សហរដ្ឋអាមេរិក ក្នុងប្រវត្តិសាស្ត្រ គឺជាការប្រកួតប្រជែងជាមួយប្រទេសរុស្ស៊ី ជាពិសេសនៅក្នុងបរិបទនៃសម័យសង្រ្គាមត្រជាក់។ ប្រសិនបើភាពជោគជ័យរបស់ប្រទេសចិនបន្តកើនឡើងនោះ តើសហរដ្ឋអាមេរិក នឹងបន្តឥរិយាបទបែបណា?
* ភាគជោគជ័យរបស់ប្រទេសចិន ក្នុងលំហអាកាស
មិនខុសពីសហរដ្ឋអាមេរិក និងរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិន បានប្រឡូកជាលើកដំបូងក្នុងសកម្មភាពអវកាស ក្នុងអំឡុងដំណើរវិវឌ្ឍន៍នៃគ្រាប់មីស៊ីលផ្លោង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ខណៈទទួលបានជំនួយមួយចំនួនពីសហភាពសូវៀត ប្រទេសចិនបានអភិវឌ្ឍកម្មវិធីអវកាសរបស់ខ្លួនដោយខ្លួនឯងយ៉ាងជោគជ័យ។
ជាអកុសលកម្មវិធីអវកាសនេះ ហាក់មិនមានភាពរលូនរហូតនោះទេ ជាក់ស្តែង លោក ម៉ៅ សេទុង អតីតកំពូលមេដឹកនាំចិនឆ្ពោះទៅរកដំណើរមហាលោតផ្លោះ និងបដិវត្តវប្បធម៌ ធ្លាប់បានបង្អាក់រារាំងកម្មវិធីនេះ។ ជាមួយគ្នានេះ ក្នុងឆ្នាំ ១៩៧៨ លោក តេងសៀវពីង បានលើកឡើងទាក់ទងនឹងគោលនយោបាយអវកាសរបស់ប្រទេសចិន ដោយបានបញ្ជាក់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ចិននឹងមិនចូលរួមក្នុងការប្រណាំងប្រជែងផ្នែកអវកាសឡើយ។ ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងអវកាសរបស់ខ្លួន បានផ្ដោតលើទាំងការបាញ់បង្ហោះយានអវកាស និងផ្កាយរណប ដើម្បីបម្រើដល់ផ្នែកទំនាក់ទំនង និងឧតុនិយមជាដើម។
សូមរំឮកថា ប្រទេស ចិន ធ្លាប់បានបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួននៅឆ្នាំ១៩៧០។ បន្ទាប់មកកម្មវិធីយានអវកាសផ្ទុកមនុស្សដំបូងត្រូវបានផ្អាក ដោយងាកទៅផ្តោតលើកម្មវិធីផ្កាយរណបដែលបម្រើដល់វិស័យពាណិជ្ជកម្មជំនួសវិញ។ នេះមិនមែនមានន័យថាចិន មិនមានការខ្វាយខ្វល់ក្នុងការប្រឹងប្រែងដើម្បីក្លាយជាមហាអំណាចផ្នែកលំហអាកាសនោះទេ។
នៅឆ្នាំ១៩៩២ ប្រទេស ចិន ស្រាប់តែទទួលស្គាល់ថា ស្ថានីយ៍អវកាស គឺជានិមិត្តសញ្ញាដ៏សំខាន់ និងជាប្រភពនៃកិត្យានុភាពថ្មី សម្រាប់សតវត្សរ៍ទី២១។ ហេតុនេះហើយ ទើបកម្មវិធីអវកាស មានផ្ទុកមនុស្ស ត្រូវបានដំណើរការឡើងវិញ រហូតឈានដល់ការការអភិវឌ្ឍយាន្តអវកាស Shenzhou។ អាកាសយានិករបស់ចិនដំបូងបង្អស់ គឺលោក Yang Liwei ដែលត្រូវបានគេបាញ់បង្ហោះទៅលំហអាកាសនៅឆ្នាំ ២០០៣។ សរុបមកបេសកកម្ម យាន្តអវកាស Shenzhou ចំនួន៦លើក បានបញ្ជូនអាកាសយានិកចំនួន១២រូប ទៅកាន់ក្នុងគន្លងគោចរទាបរបស់ផែនដី ក្នុងនោះពីរនាក់ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍អវកាស Tiangong-1 ផងដែរ។
ក្រៅពីការបញ្ជូនអាកាសយានិកទៅលំហអាកាស ប្រទេស ចិនក៏បានអនុវត្តបេសកកម្មវិទ្យាសាស្ត្រដូចជា យាន្តអវកាស Chang’e-4 ជាដើម។ បេសកកម្មលើកទី១ទៅកាន់គន្លងគោចររបស់ព្រះចន្ទ គឺ យាន្តអវកាស Chang’e-1 បានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០០៧កន្លងទៅនេះ ហើយយាននេះបានចុះចតនៅលើផ្ទៃព្រះច័ន្ទក្នុងឆ្នាំ២០១៣។ ផែនការនាពេលអនាគតរបស់ប្រទេស ចិន អាចរួមមានស្ថានីយ៍អវកាសថ្មី ការដាក់មូលដ្ឋានលើស្ថានព្រះចន្ទ និងបេសកកម្មយកគំរូស្លាកស្មាមត្រឡប់ពីភពព្រះអង្គារ។
តើនេះជាសម័យកាលនៃការប្រណាំងប្រជែងផ្នែកលំហអាកាសជាថ្មី?
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់បំផុតនៃកម្មវិធីអវកាសចិន ជាពិសេសបើប្រៀបធៀបទៅនឹងកម្មវិធីលំហអាកាសរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីដំបូង គឺទាក់ទងនឹងល្បឿន និងស្ថិរភាពរបស់វា។ ដោយសារតែមានការសម្ងាត់ជាច្រើន ត្រូវលាក់បាំងជុំវិញកម្មវិធីលំហអាកាសនេះ ទើបសមត្ថភាពរបស់ប្រទេស ចិន លើផ្នែកលំហអាកាសមិនទាន់មានអ្នកអាចវាស់ស្ទង់បានច្បាស់នៅឡើយ។ យ៉ាងនេះក្តី គេសន្និដ្ឋានថា សមត្ថភាពរបស់ប្រទេស ចិន លើកម្មវិធីនេះ ទំនងជាមិនចាញ់ដៃគូប្រកួតរបស់ខ្លួន។
ខណៈការប្រកួតប្រជែងអាចនាំទៅរកការជឿនលឿនខាងបច្ចេកវិទ្យា ក្លាយជាអ្នកនាំមុខផ្នែកលំហអាកាស ជាអ្នកដែលមានសមត្ថភាពខ្ពស់ជាងគេលើសាកលលោកក្នុងការរុករកលើលំហអាកាស វាក៏បានផ្តល់នូវផលប្រយោជន៍មិនមែនត្រឹមតែអាចជួយសង្គ្រោះដល់អវកាសយានិក ដែលជាប់គាំងលើលំហអាកាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើនចំណេះដឹងអំពីសាកលលោកដែលមនុស្សលោកកំពុងរស់នៅផងដែរ។ ទោះបីប្រទេស ចិន កំពុងមានភាពឈានមុខក្នុងការប្រណាំងប្រជែងផ្នែកអវកាសថ្មីក្តី មិនមែនមានន័យថា លទ្ធផលដែលហុចមកសុទ្ធតែអវិជ្ជមានទាំងអស់នោះទេ៕