កំដៅនៅលើផែនដីធ្វើឲ្យដុំទឹកកក នៅតំបន់ប៉ូលខាងត្បូង រលាយលឿន ជាងពេលណាៗទាំងអស់។ នៅក្នុងរបាយការណ៍ ចុះផ្សាយ នៅថ្ងៃ ចន្ទម្សិលមិញ អ្នកវិទ្យាសាស្រ្ត បានលើកឡើងពីល្បឿនទឹកកករលាយ ដែលកើនឡើង ដល់ទៅ ៦ដង បើប្រៀបធៀបនឹងការរលាយទឹកកក កាលពី៤០ឆ្នាំមុន។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ អ្នកវិទ្យាសាស្រ្តបានព្រមានពីការកើនឡើងបន្ថែមទៀត នៃកំពស់ទឹកសមុទ្រ នៅក្នុងពិភពលោក។
របាយការណ៍របស់វិទ្យាស្ថានអាមេរិកខាងផ្នែកវិទ្យាសាស្រ្ត បានបង្ហាញថា ការរលាយទឹកកក នៅទ្វីបអង់តាកទិក បានធ្វើឲ្យកំពស់ទឹកសមុទ្រកើនឡើង ជាង ១ម៉ែត្រ ៤០ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧។ សម្រាប់លោក Eric Rignot ប្រធានផ្នែកប្រព័ន្ធវិទ្យាសាស្រ្តរបស់ផែនដី នៅសកលវិទ្យាល័យកាលីហ្វនីញ៉ា បើសិនផ្ទាំងទឹកកកនៅតំបន់ប៉ូលអង់តាកទិក បន្តរលាយក្នុងកម្រិតដ៏លឿន គេប៉ាន់ប្រមាណថា កំពស់ទឹកសមុទ្រនឹងកើនឡើងជាច្រើនម៉ែត្រ នៅក្នុងប៉ុន្មានសតវត្សរ៍ខាងមុខ។
នៅក្នុងការសិក្សាកន្លងមក អ្នកវិទ្យាសាស្រ្តធ្លាប់បានព្យាករពីការឡើងកំពស់ទឹកសមុទ្រ ១ម៉ែត្រ ៨០ សង់ទីម៉ែត្រ ពីពេលនេះ រហូតដល់ឆ្នាំ ២១០០។ កំពស់ទឹកសមុទ្រកើនឡើង ដោយសារការរលាយទឹកកក នៅតំបន់ប៉ូល នឹងធ្វើឲ្យជន់លិចទីក្រុងជាប់មាត់សមុទ្រ ជាច្រើន ដែលជាទីមានមនុស្សរស់នៅរាប់លាននាក់។
លើកនេះ ដោយពឹងផ្អែកទៅលើទិន្នន័យថតបានដោយយន្តហោះរបស់ទីភ្នាក់ងារណាសា ហើយនិងផ្កាយរណប អ្នកវិទ្យាសាស្រ្តបានរកឃើញថា ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ ទឹកកកនៅតំបន់ប៉ូល អង់តាកទិក រលាយប្រមាណ ៤០ពាន់លានតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៧ វិញ បរិមាណទឹកកករលាយ នៅតំបន់ប៉ូល បានកើនឡើង ដល់ទៅជាង ៦ដង គឺប្រមាណ ២៥២ពាន់លានតោន ក្នុងមួយឆ្នាំៗ គឺច្រើនណាស់ បើប្រៀបធៀបនឹងទៅនឹងកាលពី៤០ឆ្នាំ មុនដែលមានតែ ៤០ពាន់លានតោនប៉ុណ្ណោះ ហើយអ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តកាន់តែព្រួយបារម្ភ គឺ ការលាយទឹកកក ក្នុងល្បឿនដ៏លឿន កំពុងកើតមាន នៅតំបន់ខាងកើតរបស់ប៉ូល ដែលគេធ្លាប់តែជឿថា អាចរួចផុតពីការរងប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ។
អ្នកវិទ្យាសាស្រ្តបានទាញចំណាប់អារម្មណ៍លើភាគខាងកើត នៃតំបន់ប៉ូលអង់តាកទិក ដោយសារតែតំបន់នេះ សំបូរទឹកកកច្រើនជាងប៉ែកខាងលិចនៃទ្វីបអង់តាកទិក។ គេវាយតម្លៃថា បើសិនជាទឹកកកនៅភាគខាងកើតតំបន់ប៉ូលខាងត្បូងរលាយទាំងស្រុង នោះវានឹងធ្វើឲ្យកំពស់ទឹកសមុទ្រនៅលើផែនដី កើនឡើងដល់ទៅ ៥៧ម៉ែត្រ។ នៅក្នុងការសិក្សាដាច់ដោយឡែកមួយកាលពីឆ្នាំ ២០១៨ គេរកឃើញថា ទឹកកករលាយនៅតំបន់អង់តាកទិកបានកើនឡើង៣ដង ចាប់តាំងពីឆ្នាំ ១៩៩២មក។
តាមអ្នកវិទ្យាសាស្រ្ត កំដៅទឹកសមុទ្រ រឹតតែជួយជំរុញឲ្យដុំទឹកកកនៅតំបន់ប៉ូលកាន់តែរលាយលឿនឆាប់ ហើយកំពស់ទឹកសមុទ្រនឹងបន្តកើនឡើង នោះបើទោះបីជាមនុស្សបច្ចុប្បន្ន ខំប្រឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្តី។ ការសិក្សារហូតមក បានបង្ហាញហើយថា កំដៅទឹកសមុទ្របានកើនឡើងលឿន ជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្រ្ត និងដល់កម្រិតកំពូល នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕
