ក្រុមអ្នកវិទ្យាសាស្រ្តចិនបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី១៥ មករាថា គ្រាប់ពូជកប្បាសដែលបានបញ្ជូនតាមយានយន្តទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី៣ មករាបានដុះចេញពន្លកហើយ។ រូបភាពស្តីពីកូនកប្បាសដុះនៅឋានព្រះចន្ទត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយវិទ្យាស្ថានស្រាវជ្រាវផ្នែកបច្ចេកវិទ្យានៃសកលវិទ្យាល័យចិន Chongquing។ លោក Xie Gengxin សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Chongquing ដែលជាអ្នករៀបចំបទពិសោធន៍មួយនេះបានថ្លែងថា នេះជាលើកទី១ ដែលមនុស្សលោកសម្រេចបាននូវការពិសោធន៍កំណើនជីវសាស្រ្តនៅលើផ្ទៃព្រះចន្ទ។
បន្ទាប់ពីវិស័យសេដ្ឋកិច្ច និងយោធា ចិនបាន និងកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលកាន់តែខ្លាំងនៅក្នុងវិស័យអវកាស។ បន្ទាប់ពីបានប្រកាសបញ្ជូនយានយន្តយូទូ-២ (Yutu-2) មួយគ្រឿងទៅចុះចតនៅផ្នែកម្ខាងទៀតនៃផ្ទៃព្រះចន្ទប្រកបដោយជោគជ័យកាលពីថ្ងៃទី៣ មករាដើមឆ្នាំ ២០១៩ នេះមក ចិនបានប្រកាសឲ្យដឹងថា គ្រាប់ពូជកប្បាសដែលក្រុមអ្នកវិទ្យាសាស្រ្តចិនបានបញ្ជូនតាមយានយន្តយូទូ-២ (Yutu-2) បានដុះចេញជារូបរាងហើយ។ ក៏ប៉ុន្តែ គ្រាប់ពូជកប្បាសដែលដុះនោះមិនមែនដុះនៅលើដីព្រះចន្ទផ្ទាល់ទេ តែដុះនៅក្នុងធុងមួយដែលមានដាក់ដី ទឹក និងខ្យល់ពីផែនដីរបស់យើងទៅ។
គេអាចនិយាយឲ្យស្រួលយល់ថា គ្រាប់ពូជកប្បាសនោះបានដុះនៅក្នុងលក្ខខណ្ឌបរិយាកាសនៃផែនដីរបស់មនុស្សលោកយើងសព្វថ្ងៃ។ គួរបញ្ជាក់ថា នៅក្នុងបេសកកម្មបញ្ជូនយានយន្តយូទូ-២ (Yutu-2) ទៅកាន់ឋានព្រះចន្ទ ក្រុមអ្នកវិទ្យាសាស្រ្តចិនក៏បានបញ្ជូនធុងមួយកម្ពស់ ១៨សង់ទីម៉ែត្រទៅជាមួយដោយមានដាក់ដី ទឹក ខ្យល់ និងដាំគ្រាប់ពូជកប្បាស រួមទាំងគ្រាប់ពូជដំឡូងបារាំងនៅក្នុងធុងនោះ។ តែមកទល់ពេលនេះ គឺមានតែគ្រាប់ពូជកប្បាសទេដែលបានដុះ។ ក្រៅពីនោះ ក្រុមអ្នកវិទ្យាសាស្រ្តចិនក៏បានដាក់ពងរុយទៅជាមួយដែរ តែគេនៅមិនទាន់ឃើញកើតចេញជាសត្វរុយនៅឡើយទេ។
យ៉ាងណាក៏ដោយ នេះជាបទពិសោធន៍លើកទី១ របស់ចិននៅឋានព្រះចន្ទដែលនៅមិនទាន់មានប្រទេសមហាអំណាចអវកាសណាមួយបានបញ្ចេញថ្វីដៃនៅឡើយទេមកទល់ពេលនេះ។ មហិច្ឆតាអវកាសចិនក៏មិនបានបិទបញ្ចប់ត្រឹមនេះដែរព្រោះទីភ្នាក់ងារអវកាសចិនបានប្រាប់ឲ្យដឹងនាថ្ងៃចន្ទ ទី១៤ មករាថា មានបេសកកម្មទៅឋានព្រះចន្ទចំនួន ៤លើកទៀតបានគ្រោងធ្វើនាពេលខាងមុខ ពិសេសបេសកកម្មដើម្បីប្រមែប្រមូល និងនាំយកព័ត៌មានស្តីពីព្រះចន្ទ។ បន្ទាប់មក ចិនក៏កំពុងស្រាវជ្រាវដើម្បីសាងសង់មូលដ្ឋានអន្តរជាតិមួយនៅឋានព្រះចន្ទដែរ៕
