នៅថ្ងៃព្រហស្បតិ៍ ទី២៤ មករា ប្រទេសអូស្រ្តាលីបានទាមទារឲ្យចិនពន្យល់ក្បោះក្បាយពីការឃុំខ្លួនអ្នកនិពន្ធជនជាតិអូស្រ្តាលីម្នាក់ដើមកំណើតចិនលោកយ៉ាង ហឹងជ្វីង (Yang Hengjun)។ ទន្ទឹមគ្នានេះ អូស្រា្តលីក៏បានស្នើឲ្យចិនយកចិត្តទុកដាក់ និងថែទាំត្រឹមត្រូវចំពោះលោក យ៉ាង ហឹងជ្វីងដែរ។ ក្រុមមនុស្សជំនិតរបស់អ្នកនិពន្ធជនជាតិអូស្រ្តាលីដើមកំណើតចិនរូបនេះបានប្រាប់ឲ្យដឹងថា លោកយ៉ាង ហឹងជ្វីងបានបាត់ខ្លួនតាំងពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងកង់តុងកាលពីសប្តាហ៍មុន។ ចំណែកមិត្តភក្តិម្នាក់របស់លោកជ្វីងបានគិតថា លោកជ្វីងត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនពីបទធ្វើចារកិច្ច។
បន្ទាប់ពីបាននៅស្ងៀមអស់ជាច្រើនថ្ងៃមក រដ្ឋាភិបាលចិនបានត្រឹមបញ្ជាក់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៤ មករាថា ការឃុំខ្លួនលោកយ៉ាងហឹង ជ្វីងគឺដើម្បីសន្តិសុខជាតិ។ ចំណែកលោកស្រីប្រមុខការទូតអូស្រ្តាលីបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមអ្នកតំណាងស្ថានទូតអូស្រ្តាលីប្រចាំក្នុងប្រទេសចិនបានជួបរដ្ឋអំណាចចិននាថ្ងៃព្រហស្បតិ៍ ទី២៤ មករាដើម្បីសុំការពន្យល់បំភ្លឺលើរឿងរ៉ាវឃុំខ្លួនលោកយ៉ាងហឹង ជ្វីង។ គួររម្លឹកថាមានអាយុ ៥៣ឆ្នាំ លោកយ៉ាងហឹង ជ្វីងធ្លាប់បម្រើការនៅក្នុងក្រសួងការបរទេសចិន មុននឹងចាកចេញទៅទឹកដីហុងកុងក្នុងឆ្នាំ ១៩៩២ រួចបន្តដំណើរទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៧។ លោកបានទទួលសញ្ជាតិអូស្ត្រាលីក្នុងឆ្នាំ ២០០០ ហើយសព្វថ្ងៃប្រកបមុខរបរជាអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Colombia ក្រុងញូយ៉ក។
អ្នកនិពន្ធជនជាតិអូស្រ្តាលីដើមកំណើតចិនរូបនេះបានសរសេរសៀវភៅរឿងចារកម្មជាច្រើនក្បាល និងមិនញញើតវាយប្រហាររិះគន់ប្រឆាំងរដ្ឋាភិបាលចិនទេ។ មូលហេតុដែលចិនបានលើកឡើងពីការឃុំខ្លួនលោកយ៉ាង ហឹងជ្វីងពេលនេះ គឺដូចគ្នានឹងការឃុំខ្លួនជនជាតិកាណាដាពីរនាក់ដែរ។ ទោះជាក្រោមមូលហេតុអ្វីក៏ដោយ ការឃុំខ្លួនលោកយ៉ាងហឹង ជ្វីងនឹងធ្វើឲ្យទំនាក់ទំនងរវាងអូស្រ្តាលី និងចិនដែលតានតឹងស្រាប់នារយៈពេលប៉ុន្មានខែកន្លងទៅរឹតតែធ្លាក់ដុនដាបមួយកម្រិតទៀត។ ក្នុងខែសីហា ឆ្នាំ ២០១៨ អូស្រា្តលីបានដកក្រុមហ៊ុនចិន Huawei មិនឲ្យពង្រាយខ្សែកាបសម្រាប់ប្រព័ន្ធទូរស័ព្ទ ៥G ក្នុងប្រទេសអូស្រ្តាលី។ ទន្ទឹមគ្នានេះ ប្រទេសទាំងពីរបន្តប្រជែងកម្លាំងគ្នាដើម្បីក្នុងតំបន់ប៉ាស៊ីហ្វិក។
នៅក្នុងប្រទេសអូស្រា្តលី មានប្រតិកម្មជាច្រើនបានបរិហារចិនពីការចាប់ឃុំខ្លួនលោកយ៉ាងហឹង ជ្វីង។ ប្រមុខបក្សប្រឆាំងលោក Bill Shorten បានថ្លែងថា ទោះបីលោកជ្វីងមានដើមកំណើតចិន តែសព្វថ្ងៃលោកមានសញ្ជាតិជាអូស្រ្តាលី ដូច្នេះគឺជនជាតិអូស្រា្តលីដែលចិនកំពុងឃុំខ្លួន។ ប្រតិកម្មស្រដៀងគ្នានេះ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Kevin Rudd បានទាមទារឲ្យរដ្ឋាភិបាលអូស្រ្តាលីការពារលោកយ៉ាងហឹង ជ្វីងដូចប្រជាជនអូស្រ្តាលីទូទៅ៕