ជំនិត​របស់​លោក​ដូណាល់ ត្រាំម្នាក់​ ត្រូវ​ឃាត់ខ្លួន ក្នុង​សំណុំ​រឿង​ជាមួយរុស្ស៊ី

0

មនុស្សជំនិតម្នាក់របស់លោកដូណាល់ ត្រាំ ត្រូវបានFBI ចាប់ឃាត់ខ្លួន កាលពីថ្ងៃសុក្រ ទី​២៥មករា ក្នុងនីតិវិធីស៊ើបអង្កេត ស្តីពីសំណុំរឿងនៃការចូលលូកដៃ របស់ភ្នាក់ងារចារកិច្ចរុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ជនសង្ស័យ មានឈ្មោះថា Roger Stone ដែល​​ជា​អតីតសមាជិកនៃក្រុមឃោសនា​នយោបាយ របស់លោកដូណាល់ ត្រាំ នឹងត្រូវជាមិត្តស្និទស្មាលរបស់លោកដូណាល់ ត្រាំផងដែរ។

តំណាងរបស់លោករដ្ឋអាជ្ញា Robert Mueller ដែលទទួលបន្ទុកស្រាវជ្រាវ ស្តីពីសំណុំរឿង​លូកដៃរបស់រុស្ស៊ី មកក្នុងការបោះឆ្នោតអាមេរិក បានអះអាងថា លោក Roger Stone ត្រូវរងបទចោទប្រកាន់ ចំនួន៧ចំណុច ដែលក្នុងនោះ រួមមាន ការឆ្លើយកុហកសមត្ថកិច្ច ការសូកប៉ាន់សាក្សី ឲ្យផ្តល់សក្ខីកម្មក្លែងក្លាយ និងការរារាំងដំណើការនីតិវិធីច្បាប់ ជាដើម។

លិខិតចោទប្រកាន់ ត្រូវបានដាក់ចុះនៅថ្ងៃទី២៤មករា ហើយដែលការចាប់ឃាត់ខ្លួន បានប្រព្រឹត្តិធ្វើទៅ នៅព្រឹកព្រហាមថ្ងៃសុក្រ ទី២៥ មករា នៅគេហដ្ឋានរបស់ជនសង្ស័យ ក្នុងរដ្ឋហ្វ្ល័ររីដា។ ទូរទស្សន៍ CNN បានផ្សាយរូបភាព នៃការប្រតិបត្តិការឃាត់ខ្លួន ដែលមានសមត្ថកិច្ចប្រដាប់ដោយកាំភ្លើង ជាច្រើននាក់។

សូមបញ្ជាក់ថា លោក Roger Stone អាយុ៦៦ឆ្នាំ ត្រូវបានគេដឹងថា គឺជាមិត្តស្និទនឹងលោកដូណាល់ ត្រាំ ប្រមាណ៣០ឆ្នាំមកហើយ ហើយធ្លាប់ធ្វើជាសមាជិក នៃក្រុមឃោសនា​នយោបាយ របស់លោកដូណាល់ ត្រាំ រហូតដល់ខែសីហា ឆ្នាំ២០១៥។ យោងតាម​​ឯកសារផ្លូវការ​របស់FBI គឺ លោក Roger Stone ធ្លាប់បានអះអាង ជាសាធារណៈ និងជាឯកជន ថាខ្លួនបានទាក់ទងជាមួយ «Organisation 1» នៅរវាងខែសីហា ឆ្នាំ​២០១៦។ ជននេះ បាននិយាយជាមួយថ្នាក់ដឹកនាំឃោសនានយោបាយ របស់លោកត្រាំ ថាត្រូវទាក់ទងជាមួយ«Organisation 1 »​ ព្រោះថាគេអាចធ្វើអ្វីម្យ៉ាង ដើម្បីជួយផ្តួលលោកស្រី ហ៊ីលឡារី គ្លីនតុន។

តាមការសង្ស័យ «Organisation1» នោះ គឺជាគេហទំព័រWikileaks តែម្តង ព្រោះថាក្រោយ​មក នៅខែតុលា ឆ្នាំ២០១៦ គេហទំព័រ Wikileaks បានចុះផ្សាយ នូវឯកសារសំងាត់​​ជាច្រើន ដែលចោរព័ត៌មានវិទ្យា បានចូលទៅលួចពីប្រព័ន្ធកុំព្យូទ័រ របស់គណបក្ស​​ប្រជាធិបតេយ្យ។ ប៉ុន្តែ Wikileaks បានបដិសេធជានិច្ច ថាខ្លួន មិនដែលស្គាល់ ឬទាក់ទងនឹងលោក Roger Stone ទេ។

គួររំលឹកថា ក្នុងសំណុំរឿងទាក់ទិននឹងការលូកដៃរបស់ចារកិច្ចរុស្ស៊ី មកក្នុងការបោះឆ្នោតអាមេរិក លោក Robert Mueller ចៅក្រមពិសេសដឹកនាំការស៊ើបអង្កេត បានចោទប្រកាន់​មនុស្សជាច្រើននាក់នៅជុំវិញ​លោកដូណាល់ ត្រាំ។ ក្នុងនោះ មានលោក Michael Cohen អតីតមេធាវីផ្ទាល់ខ្លួន របស់លោកដូណាល់ ត្រាំ លោក Paul Manafort អតីទីប្រឹក្សាឃោសនាបោះឆ្នោត និងលោក Michael Flynn អតីទីប្រឹក្សាកិច្ចការសន្តិសុខជាតិ របស់លោកដូណាល់ ត្រាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here