ប្រព័ន្ធកាមេរ៉ាសន្តិសុខនៅផ្ទះគ្រួសារអាមេរិកមួយរស់នៅរដ្ឋកាលីហ្វញ៉ា ត្រូវបានហេកឃ័រ (Hacker) ជ្រៀតចូលទៅគ្រប់គ្រង ហើយបានបង្អើលពីការវាយប្រហារពីសំណាក់ប្រទេសកូរ៉េខាងជើង។
ប្រព័ន្ធកាមេរ៉ា បានផ្តល់សញ្ញាប្រកាសអាសន្នក្លែងក្លាយពីការវាយប្រហារអាវុធនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង និងការតបតវិញរបស់អាមេរិកប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចំពោះការវាយប្រហារ ព្រមទាំងជំរុញឲ្យប្រជាជនក្នុងទីក្រុងជម្លៀសចេញក្នុងរយៈពេល ៣ ម៉ោង។
សមាជិកក្រុមគ្រួសារនោះបានទាក់ទងទៅកាន់លេខ ៩១១ និងសេវាអតិថិជនរបស់ក្រុមហ៊ុន Nest ដើម្បីបញ្ជាក់ពីសារជូនដំណឹងនេះ។ ជាលទ្ធផល កាមេរ៉ាសុវត្ថិភាពនោះត្រូវបានហេកឃ័រគ្រប់គ្រង ព្រមទាំងជូនដំណឹងក្លែងក្លាយ។
អ្នកនាំពាក្យក្រុមហ៊ុន Nest បានបញ្ជាក់ថា ក្រុមហ៊ុនមិនមានការបំពានណាមួយពីហេកឃ័រនោះទេ។ ការវាយប្រហារនោះ ទំនងដោយការប្រើប្រាស់ពាក្យសម្ងាត់ងាយស្រួលស្មាន ឬមានលេចធ្លាយលើបណ្ដាញអ៊ីនធឺណិត។ ក្នុងនោះដែរ ការប្រើប្រាស់មុខងារផ្ទៀងផ្ទាត់ទីពីរពីលើពាក្យសម្ងាត់ អាចកាត់បន្ថយហានិភ័យនេះបាន៕
