មហា​អំណាចចិន​បញ្ចេញឃ្លីបវីដេអូ នៃការធ្វើតេស្តមីស៊ីល​កម្ទេចនាវាចម្បាំង ចំពេល​​អាមេរិក​​កំពុងចល័ត​នាវាចម្បាំង​ក្នុងតំបន់

0

ស្ថានីយទូរទស្សន៍រដ្ឋ​ចិនបញ្ចេញឃ្លីបវីដេអូ​ បង្ហាញពី​ការ​បាញ់​ធ្វើ​តេស្ត​​ប្រព័ន្ធមីស៊ីល​កម្ទេច​នាវា DF-26 ដែលអាច​បំពាក់​ក្បាលគ្រាប់ប្រភេទ​នុយក្លេអ៊ែរ​ នៅចំពោះមុខ​បេសកកម្មសេរីភាពនាវាចរ ឥតឈប់ឈរ​​​របស់​សហរដ្ឋអាមេរិក​​ក្នុង​​តំបន់សមុទ្រ​ចិនខាងត្បូង​ និង​ច្រកសមុទ្រ​តៃវ៉ាន់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ល្ងាច​​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

​វីដេអូខាងលើ​ត្រូវបានថតក្នុងអំឡុងការធ្វើសមយុទ្ធបាញ់​គ្រាប់ពិត ​ដោយប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល DF-26 នៅ​ភាគពាយ័ព្យ​​ប្រទេសចិន កាល​ពីចុង​សប្តាហ៍មុន​។ បើតាមមន្រ្តី​ជំនាញផ្នែកយោធា​ចិនឈ្មោះ សុង ចុងពីង (Song Zhongping) ប្រព័ន្ធមីស៊ីល​ប្រឆាំង​នាវានេះ​ ​​​មាន​សមត្ថភាព​កែ​ប្រែ​​ទិស​ដៅ​​ហោះ​ហើរ​​​របស់វា និងមានបំពាក់ប្រព័ន្ធ​​នាំផ្លូវ​ផងដែរ ដែលអនុញ្ញាតឲ្យ​វាវាយប្រ​ហារ​លើ​ប្រភេទ​​នាវាដឹក​យន្តហោះ​ចម្បាំង ដែលធ្វើដំណើរ​​យឺត​​ៗ​ថែមទៀត​ផង។ ក្រៅពី​ប្រព័ន្ធ DF-26 ក៏មានបច្ចេកវិទ្យា​បំបាំងកាយ ដែលធ្វើឲ្យ​វា​ពិបាក​​ក្នុងការ​បាញ់​​ស្ទាក់​​ផង​ដែរ​។

កាលពីប៉ុន្មាន​សប្តាហ៍កន្លងទៅ សារព័ត៌មានចិន​បានចុះផ្សាយថា ​យោធាចិន​បានចល័ត​ប្រព័ន្ធ​មីស៊ីល DF-26 ទៅលើ​តំបន់​​ភាគ​ពាយ័ព្យ ដែលត្រូវគេមើល​ឃើញថា​ ទំនងជាការឆ្លើយតប​​​ចំពោះ​ការធ្វើនាវាចរណ៍​ដោយសេរី​ នៃនាវាពិឃាត​​​អាមេរិក​មួយ​គ្រឿង​ឆ្លងកាត់​ប្រជុំកោះ ផារ៉ាសែល (Paracel) ​នៅសមុទ្រចិនខាងត្បូង ដែលទីក្រុង​ប៉េកាំងចាត់​ទុក​ថា​ ការឆ្លងចូលក្នុង​ដែនទឹក​របស់ខ្លួន។ ភាពតាន​តឹង​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង​បន្ថែម​​កាលពី​សប្តាហ៍មុន បន្ទាប់ពីអាមេរិ​កបានបញ្ជូន​នាវា ០២គ្រឿង​​ថែមទៀត​​មក​ឆ្លង​កាត់​​ចក្រសមុទ្រ​តៃវ៉ាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here