បណ្តាញសង្គមយក្ស Facebook នៅតែអាចច្បាមប្រាក់ចំណេញកប់ពពក ទោះបី​ទទួលព្យុះភ្លៀងនៃរឿងអាស្រូវយ៉ាងណាក៏ដោយ

0

ក្រុមហ៊ុនបណ្តាញ​សង្គមយក្សរបស់​អាមេរិក Facebook នាថ្ងៃពុធ​សប្តាហ៍នេះ​ បានចេញ​របាយការណ៍​​ឲ្យ​ដឹងថា ក្នុងអំឡុងត្រីមាស​ចុងក្រោយ​នៃឆ្នាំ២០១៨ ខ្លួនទទួល​បានចំណូល ​១៦.៩១ពាន់លានដុល្លារ ដែលជាតួលេខ​ដ៏រឹងមាំមួយ ទោះបញ្ហា​ជាច្រើន​បានលេចឡើង​កាលពីមុន​ក៏ដោយ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា​ ឆ្នាំ២០១៩។

ទោះបីជាមួយឆ្នាំ​កន្លងទៅនេះ Facebook បានប្រឈមមុខជាមួយការ​បែកធ្លាយទិន្នន័យ និងបញ្ហា​គោលការណ៍​ឯកជន​ភាព​របស់អ្នក​ប្រើប្រាស់ ហើយទទួលការរិះគន់ធ្ងន់ៗ​ពី​អាជ្ញាធរនិយតកម្ម និងអ្នកតាក់តែង​ច្បាប់អាមេរិក​យ៉ាងណាក្តី ប្រាក់ចំណូល​ត្រីមាសចុងក្រោយ​​របស់​បណ្តាញសង្គម ធំ​ជាងគេលើពិភពលោក​នេះ បានកើនដល់ ៣០ភាគរយ ធៀបនឹងរយៈ​ពេល​​ដូចគ្នា​កាលពីឆ្នាំ២០១៧ និងលើសពី​ការរំពឹងទុករបស់​ផ្សារហ៊ុន Wall Street ទៅទៀត។

គួរជម្រាបថា ស្ទើរតែពេញ​មួយឆ្នាំ២០១៨ ក្រុមហ៊ុន Facebook បានជួបបញ្ហាឈឺក្បាល​ជាច្រើន ជាពិសេស​គឺរឿង​អាស្រូវ​ទាក់​ទងនឹងក្រុមហ៊ុន​ប្រឹក្សានយោបាយរបស់ចក្រភព​អង់គ្លេស Cambridge Analytica ដែលរងការចោទប្រកាន់​ថា បានប្រើប្រាស់​​ដោយ​ខុសច្បាប់នូវទិន្នន័យ​អ្នកប្រើប្រាស់​ Facebook ជាង ​៨៧លាននាក់ ដោយពុំមាន​ការអនុញ្ញាត​​ពីពួកគេ។

លើសពីនេះ Facebook ក៏បានរង​ការរិះគន់ជុំវិញរឿងរ៉ាវ ដូចជា​ការលូកដៃជ្រៀតជ្រែក​ពីបរទេស ក្នុងកិច្ចការបោះឆ្នោត​ជ្រើស​រើសប្រធានាធិបតីអាមេរិក​ឆ្នាំ២០១៦ បញ្ហានៃការចែកចាយព្រោងព្រាត​នូវ​ព័ត៌មានមិនពិត និងភាពមិនច្បាស់លាស់​នៃ​សមត្ថ​ភាពគ្រប់គ្រង Content របស់ Facebook នៅលើបណ្តាញ​សង្គម​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here