តួកគី​ ចោទប្រកាន់​​បុគ្គលិក​​ស្ថានកុងស៊ុល​​សហរដ្ឋអាមេរិក​​ ពីបទ​​ចារកម្ម​

0

នៅថ្ងៃសុក្រ ទី១​ កុម្ភៈ ឆ្នាំ២០១៩ តុលាការតួកគី​បានទទួលយក​បទចោទប្រកាន់​របស់រដ្ឋអាជ្ញា​ ទៅលើបុគ្គលិកម្នាក់​ធ្វើការនៅស្ថានកុងស៊ុល​របស់សហរដ្ឋអាមេរិក​ ​ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល​។ រដ្ឋអាជ្ញាតួកគី​ បានចោទជនជាតិអាមេរិករូបនេះ ពីបទ​ធ្វើចារកម្ម​ និងប៉ុនប៉ងផ្តួលរំលំ​រដ្ឋាភិបាលតួកគី​។ នេះ​ បើយោងទៅតាម​ការចុះផ្សាយ​របស់សារព័ត៌មាន​ក្នុងប្រទេសតួគី​។

ក្រោយពី​សម្រេចទទួលយក​បទចោទ​លើបុគ្គលិក​ស្ថានកុងស៊ុល​អាមេរិកម្នាក់​ឈ្មោះមឺទីន តូភឺស  Metin Topuz រួចមក​ តុលាការតួកគី​ បានបញ្ជាឲ្យ​បន្តឃុំខ្លួន​រូបលោក​ នៅក្នុងពន្ធធនាគារ​។ លោកតូភឺស​ ត្រូវ​រដ្ឋអាជ្ញាតួកគី​ប្រកាសចោទប្រកាន់​ តាំងពី​ខែមករា​ ឆ្នាំ២០១៩​ កន្លងទៅមកម្ល៉ោះ​។

សូមជ្រាបថា​ លោកតូភឺស​ ត្រូវបានចាប់ខ្លួន​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយជាប់​សង្ស័យថា​ មានទំនាក់ទំនង​ជាមួយនឹង​គ្រូគង្វាលសាសនា​អ៊ីស្លាមម្នាក់​ ឈ្មោះហ្វឺស៊ូឡា ហ្គូឡែន Fethullah Gulen ដែលបច្ចុប្បន្ន​កំពុសភៀសខ្លួន​រស់នៅ​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​តួកគី​ កំពុងតែ​តាមរកចាប់ខ្លួន​គ្រូគង្វាលរូបនេះ​ ពីបទ​ដឹកនាំ​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ទីក្រុងអង់ការ៉ា​ កាលពីឆ្នាំ​២០១៦​។ ក្រៅពីនេះ​ បុគ្គលិកស្ថានកុងស៊ុល​របស់សហរដ្ឋអាមេរិក​លោកតូភឺស​ ក៏​រងការចោទប្រកាន់ថា​ មានទំនាក់ទំនងសម្ងាត់​ជាមួយនឹង​អតីតមេបញ្ជាការប៉ូលិស​តួកគីម្នាក់​ ដែលបានរងបទចោទប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ២០១៣។

សវនាការ​កាត់ក្តីលើករណីលោកតូភឺស​ នឹងចាប់ផ្តើមបើក​នៅថ្ងៃទី​ ២៦ ខែមីនា​ ឆ្នាំ២០១៩ ខាងមុខនេះ​។ សវនាការ​លើកដំបូងនេះ​ មានរយៈពេលចំនួន​ ៣ថ្ងៃ​ ហើយ​លោក​អាចប្រឈមមុខនឹង​ការជាប់ពន្ធនាគារ​អស់មួយជីវិត​ ប្រសិនណាបើ​គេរកឃើញថា​ លោកពិតជាមាន​ទោសកំហុស​ពិតប្រាកដមែន​។

គួរជម្រាបជូនទៀតថា​ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ​ ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក​ និងប្រទេសតួកគី​ មានភាព​រកាំរកូសច្រើន​ ដោយសារតែ​បញ្ហាមួយចំនួន​។ បញ្ហាទាំងនោះ​ រួមមាន​រឿង​ដែលអាមេរិក​មិនព្រមធ្វើបត្យាប័ន-បញ្ជូនខ្លួន​គ្រូគង្វាលហ្គូឡែន​ត្រលប់ទៅកាន់ប្រទេសតួកគីវិញ តាមការស្នើសុំ​របស់​អាជ្ញាធរតួកគី​ ព្រមទាំង​បញ្ហាពាក់ព័ន្ធនឹង​ក្រុមកួដនៅស៊ីរី​ជាដើម​។

ជាក់ស្តែង​ ទំនាក់ទំនងទ្វេភាគី​ រវាង​សហរដ្ឋអាមេរិក និងតួកគី ​បានធ្លាក់ដុនដាបខ្លាំង​ កាលពី​រដូវក្តៅ​កន្លងទៅថ្មីៗនេះ​ បន្ទាប់ពី​តួកគី​សម្រេចឃុំខ្លួន​គ្រូអាចារ្យសាសនាជនជាតិអាមេរិកម្នាក់​។ ក៏ប៉ុន្តែ​ ភាពតានតឹង​រវាង​ប្រទេស​ដែលជា​សមាជិក​អង្គការណាតូ​ទាំងពីរនេះ​ បានវិលត្រលប់​មករកភាព​ធូរស្រាលបន្តិចវិញ​ បន្ទាប់ពី​គ្រូអាចារ្យ​ជនជាតិអាមេរិក​ ត្រូវបាន​ដោះលែងឲ្យមានសេរីភាព​ កាលពីខែតុលា​ ឆ្នាំ២០១៨ កន្លងទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here