នៅប្រទេសវ៉េណេស៊ុយអេឡា ដែលកំពុងតែមានបាតុកម្មរំជើបរំជួល ប្រឆាំងនឹងរដ្ឋាភិបាលលោកនីកូឡា ម៉ាឌូរ៉ូនោះ មានអ្នកកសែតបរទេសជាច្រើនអ្នក ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលនេះ ចាប់ឃុំខ្លួន និងធ្វើការបណ្តេញចេញពីប្រទេស។ ដំណឹងចុងក្រោយ ដែលទើបទទួលបាន គឺមានអ្នកកាសែតបារាំង២នាក់ និងក្រុមការងារអ្នកកាសែតអេស្ប៉ាញ៤នាក់ កំពុងស្ថិតក្នុងការឃុំខ្លួន។ ចំណែកអ្នកកាសែតឈីលី ២នាក់ ត្រូវបានបណ្តេញចេញពីប្រទេស ក្រោយឃុំខ្លួនបានប៉ុន្មានម៉ោង។
អ្នកកាសែតបារាំង២នាក់ ឈ្មោះ Pierre Caillé និង Baptiste des Monstiers ដែលធ្វើការឲ្យស្ថានីយទូរទស្សន៍TMC របស់បារាំង ត្រូវបានកងអង្គរក្សលោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ ចាប់ឃាត់ខ្លួន កាលពីថ្ងៃអង្គារទី២៩មករា។ យោងតាមសហជីពអ្នកកាសែតវ៉េណេស៊ុយអេឡា SNTP បានឲ្យដឹងថា អ្នកកាសែតបារាំងទាំង២នាក់ ព្រមទាំងផលិតករជនជាតិវ៉េណេស៊ុយអេឡាម្នាក់ផង ត្រូវគេចាប់ខ្លួន ក្នុងពេលដែលពួកគេ កំពុងថតនៅក្បែរបរិវេណវិមានប្រធានាធិបតី។ រហូតមកទល់ពេលនេះ គេនៅពុំមានដំណឹងអ្វីទាំងអស់ ទាក់ទិននឹងទីតាំង ក៏ដូចជាស្ថានភាពនៃការឃុំខ្លួននេះ។
ដោយឡែក អ្នកកាសែតជនជាតិឈីលី២នាក់ និងអ្នកកាសែតជនជាតិវ៉េណេស៊ុយអេឡា២នាក់ ក៏ត្រូវបានកងសន្តិសុខប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ ចាប់ខ្លួនដែរ កាលពីថ្ងៃអង្គារទី២៩មករា។ ក្រោយឃុំខ្លួនបានប្រមាណ១៤ម៉ោង កងសន្តិសុខ បានដោះលែងអ្នកកាសែតទាំង៤នាក់មកវិញ ប៉ុន្តែអ្នកកាសែតជនជាតិឈីលី ត្រូវបានគេបណ្តេញចេញពីវ៉េណេស៊ុយអេឡា។
ក្រៅពីនេះ បើតាមប្រភេពពីក្រសួងការបរទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមការងារមួយក្រុម របស់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ EFE ត្រូវបានគេចាប់ឃាត់ខ្លួន នៅថ្ងៃពុធទី៣០មករា។ ក្នុងក្រុមការងារនោះ មានអ្នកកាសែត ជនជាតិអេស្ប៉ាញ៤នាក់ អ្នកថតរូបជនជាតិកូឡុំប៊ីម្នាក់ និងអ្នកថតវីដេអូជនជាតិកូឡុំប៊ីម្នាក់ទៀត។ រដ្ឋាភិបាលអេស្ប៉ាញ បានអំពាវនាវ តាមរយៈលិខិតចុះថ្ងៃទី៣១មករានេះ ឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡា គោរពសិទ្ធិសេរីភាពសារព័ត៌មាន និងត្រូវដោះលែងអ្នកកាសែតជាបន្ទាន់។
គួរកត់សំគាល់ថា នៅរវាងប៉ុន្មានខែ ដែលមានសកម្មភាពតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលលោកម៉ាឌូរ៉ូនេះ អ្នកកាសែតមិនថាជនជាតិវ៉េណេស៊ុយអេឡា ឬ បរទេសទេ បានទទួលរងនូវការធ្វើទុកបុកម្នេះជាច្រើន។ អង្គការ Reporters sans frontières បានអំពាវនាវកាលពីថ្ងៃអង្គារទី២៩មករា ឲ្យរដ្ឋាភិបាលវ៉េណេស៊ុយឡា ត្រូវតែធានាឲ្យបាន នូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ហើយត្រូវបញ្ឈប់ នូវសកម្មភាពហិង្សា រារាំងការងាររបស់អ្នកកាសែតជាតិនិងអន្តរជាតិ ព្រមទាំងសកម្មភាពដកហូតសម្ភារៈបំពេញការងារ ដូចជាម៉ាស៊ីនថត ទូរស័ព្ទដៃ ជាដើម ។ល។
យ៉ាងណាមិញ លោក Juan Guaido ប្រធានសភា និងជាមេក្រុមប្រឆាំងនឹងរដ្ឋាភិបាលលោកនីកូឡា ម៉ាឌូរ៉ូ បានសរសេរ នៅលើទំព័រTwitter នៅថ្ងៃទី៣១មករានេះថា “រដ្ឋាភិបាលផ្តាច់ការរបស់នីកូឡា ម៉ាឌូរ៉ូ មិនអាចលាក់បាំងពិភពលោក នូវទង្វើអាក្រក់របស់ខ្លួន ដែលបានធ្វើទៅលើប្រជាជនវ៉េណេស៊ុយអេឡាទេ”។ លោកសរសេរបន្ថែមថា “ក្នុងពេលឆាប់ៗខាងមុខ សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវតែស្តារឡើងវិញ ឲ្យបានពេញបរិបូរណ៍នៅវ៉េណេស៊ុយអេឡា”៕