នៅថ្ងៃសៅរ៍ ទី២ កុម្ភៈ ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន បានដាក់វិន័យដល់មន្រ្តីចិនចំនួនជាង ៨០ នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផលិតវ៉ាក់សាំងគ្មានគុណភាព។ ជារឿងអាស្រូវ ដែលបានផ្ទុះឡើង កាលពីខែកក្តដា ឆ្នាំ២០១៨ និងជារឿងដែលបានធ្វើឱ្យសាធារណជនចិនមានការភ័យខ្លាច និងបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពនៃថ្នាំដែលផលិតក្នុងស្រុក។
អង្គភាពប្រឆាំងអំពើពុករលួយចិន បានប្រាប់ថានឹងចាត់ការជាបន្ទាន់ ចំពោះមន្រ្តីខេត្ត ឬមន្រ្តីស្រុកទាំងជាង ៨០នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងគ្មានគុណភាព។ អង្គភាពប្រឆាំងអំពើពុករលួយចិន មិនបានប្រាប់ព័ត៌មានលម្អិត ថានឹងចាត់ការមន្ត្រីទាំងអស់នោះបែបណាដែរ ប៉ុន្តែគេដឹងថា មន្ត្រីដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅទាំងនោះ ត្រូវបានបណ្តេញចេញពីការងារហើយ។
ពាក់ព័ន្ធនឹងរឿងអាស្រូវថ្នាំវ៉ាក់សាំងគ្មានគុណភាពនេះដែរ មានមន្ត្រីចិនចំនួនបួនរូប ធ្វើការនៅ រដ្ឋបាលចំណីអាហារ និងឱសថចិន (CFDA) ដែលក្នុងនោះរួមមាន អនុប្រធានរដ្ឋបាលមួយរូបផងដែរ ត្រូវបានអាជ្ញាធរចិន បញ្ជូនខ្លួនទៅឲ្យរដ្ឋអាជ្ញាជាតិ។ នេះបើយោងតាម គណៈកម្មាធិការត្រួតពិនិត្យបទវិន័យរបស់ចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍ ទី២ កុម្ភៈ ឆ្នាំ ២០១៩។
តែទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ប្រាប់ឡើយថា រដ្ឋអាជ្ញាចិនបានទម្លាក់បទចោទប្រកាន់ជាផ្លូវការ ទៅលើមន្ត្រីរបស់រដ្ឋបាលចំណីអាហារ និងឱសថចិន ទាំង៤ រូបនោះ។
សូមជម្រាបជូនថា កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន ឆាងជុន ឆាងសេង Changchun Changsheng Biotechnology ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺឆ្កែឆ្កួតដ៏ធំរបស់ប្រទេសចិន ត្រូវរងពិន័យជាប្រាក់ចំនួន ១ ៣០០ លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវគេរកឃើញថាបានផលិតថ្នាំបង្ការជំងឺឆ្កែឆ្កួតគ្មានគុណភាព។
គួររឮកផងដែរថា កាលពីខែកក្តដា ឆ្នាំ២០១៨ កន្លងទៅ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ទុះប្រតិកម្មជាខ្លាំង ចំពោះករណីផលិតថ្នាំវ៉ាក់សាំងគ្មានគុណភាព។ មិនតែប៉ុណ្ណោះ លោកស៊ី ថែមទាំងបញ្ជាឲ្យអាជ្ញាធរចិន ចាត់វិធានការក្តៅប្រយុទ្ធប្រឆាំងក្រុមអ្នកពាក់ព័ន្ធផលិតថ្នាំវ៉ាក់សាំងគ្មានគុណភាពទៀតផង។
ក្រោយលោកស៊ីទម្លាក់បទបញ្ជានេះ អាជ្ញាធរចិន បានចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនឆាងជុន Changchun ចំនួន៥នាក់ ក្នុងនោះមានអគ្គនាយកា ក្រុមហ៊ុនម្នាក់ផងដែរ។ ទន្ទឹមគ្នានេះ ក៏មានមន្ត្រីជាតិ, ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានចិនចំនួនជាង ១២ នាក់ផងដែរ ត្រូវបានបណ្តេញចេញពីកាងារនៅគ្រានោះ៕
