មហាសេដ្ឋីអចលនទ្រព្យ និងជាអតីតចារបុរសវៀតណាមម្នាក់ ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារជាលើកទី៣ នៅថ្ងៃពុធ ទី៣០ មករា ឆ្នាំ២០១៩ នេះ។ តុលាការវៀតណាម បានកាត់ទោសឲ្យអតីតចារបុរសរូបនេះ ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងការក្លែងបន្លំកិច្ចសន្យាលក់ដូរដី ដែលធ្វើឲ្យរដ្ឋបាត់បង់ថវិការាប់លានដុល្លារ។
ការផ្តន្ទាទោសលើកនេះ គឺជាការផ្តន្ទាទោសលើបទចោទទី៣ របស់តុលាការវៀតណាមទៅលើ អតីតចារបុរសវៀតណាមឈ្មោះលោកផាន់ វ៉ាន់ អាញ់វូ Phan Van Anh Vu។ លោកវូ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញថា មានពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារលក់ដូរដីនៅឯទីក្រុងដាណាង និងទីក្រុងហូជីមិញ ដែលបណ្តាលឲ្យរដ្ឋបាត់បង់ប្រាក់ចំនូល រហូតដល់ចំនួនជិត ៥០ លានដុល្លារអាមេរិក។ នេះ បើតាមយោងតាមសារព័ត៌មានរដ្ឋ VNExpress។
ក្រោយពីតុលាការចេញសេចក្តីសម្រេចនេះរួចមក មេធាវីរបស់លោកវូ បាននិយាយប្រាប់សារព័ត៌មានបារាំង AFP ថាស្ថានទម្ងន់ទោស ដែលតុលាការវៀតណាមដាក់លើកូនក្តីរបស់លោក គឺពិតជាធ្ងន់ធ្ងរពេកហើយ។ លោកបន្តថា តុលាការមិនបានពិចារណាសោះឡើយ អំពីហេតុផលមួយចំនួន ដែលអាចជួយសម្រាលស្ថានទម្ងន់ទោសរបស់លោកវូ។
សូមជ្រាបថា ក្រៅពីត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ ពីបទក្លែងបន្លំកិច្ចសន្យាលក់ដូរដីធ្លី លោកវូ ក៏ជាប់ទោសពាក់ព័ន្ធនឹងករណីពីរផ្សេងទៀត ដាច់ដោយឡែកពីគ្នាផងដែរ។ ជាក់ស្តែង កាលពីខែកក្តដា ឆ្នាំ២០១៨ លោក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និងក្រោយមកកាត់បន្ថយសល់ត្រឹម ៨ឆ្នាំវិញ ពីបទធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់របស់រដ្ឋ។
បន្ថែមលើនេះកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ តុលាការវៀតណាម បានសម្រេចផ្តន្ទាទោសឲ្យលោកវូជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំទាក់ទងករណីលួចប្រាក់ពីធនាគារ ក្នុងគម្រោងទិញភាគហ៊ុនមួយ។
គួរជម្រាបជូនថា ការកាត់ទោសលោកវូ បានបង្កជាការភ្ងាក់ផ្អើលខ្លាំងក្នុងសង្គមវៀតណាម ពីព្រោះថា លោកជាអតីតចារបុរស បំរើការឲ្យក្រសួងក្រសួងសន្តិសុខជាតិវៀតណាម។ លោកមានទំនាក់ទំនងជិតស្និទ្ធយ៉ាងខ្លាំងជាមួយនឹងមន្ត្រីមានអំណាចវៀតណាមជាច្រើននាក់ ក្នុងក្រសួងសន្តិសុខជាតិ ដែលជាទូទៅត្រូវគេជឿថា មិនមានអ្នកណាហ៊ានប៉ះពាល់សោះឡើយ។
គួររឮកជូនផងដែរថា លោកវូ ត្រូវបានបណ្តេញចេញពីការងារ ពីក្រសួងសន្តិសុខជាតិវៀតណាម នៅក្នុងឆ្នាំ២០១៧។ លោកបានរងការចោទប្រកាន់ ថាបានព្យាយាមរត់គេចទៅអឺរ៉ុប និងត្រូវបានចាប់ខ្លួនដើមឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី ហើយបន្ទាប់មក ត្រូវគេបញ្ជូនខ្លួនទៅកាន់ប្រទេសវៀតណាមវិញ។
គួរជម្រាបជូនផងដែរថា នៅមួយរយៈពេលចុងក្រោយនេះ មានមន្ត្រីជាន់ខ្ពស់ ធ្វើការនៅក្រសួងសន្តិសុខជាតិ៤-៥ នាក់ផ្សេងទៀតផងដែរ ដែលត្រូវអាជ្ញាធរវៀតណាមកំពុងតាមស៊ើបអង្កេត។ ទង្វើរបស់អាជ្ញាធរ នៅមួយរយៈពេលចុងក្រោយនេះ ត្រូវគេជឿថា ធ្វើឡើងស្របទៅតាមការសន្យារបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ក្នុងការពង្រីកនូវការបង្ក្រាបលើករណីប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រទេស៕