អតីត​ប្រធានក្រុមហ៊ុន​រឺណូ​ ថា​ការចាប់ខ្លួន​រូបលោក​គឺជា​អំពើក្បត់​និង​ជាការរៀបចំ​ទុកជាមុន​

0

លោកការឡូស ហ្គោន អតីត​ប្រធានសម្ព័ន្ធរថយន្ត​កូនកាត់​បារាំង​-ជប៉ុន​ រឺណូ​-នីសាន់​ បាននិយាយថា​ ការចាប់ខ្លួន​រូបលោក​កាលពីពេលកន្លងទៅ​ គឺជាអំពើក្បត់​ ហើយវា​គឺជាគម្រោការណ៍​ដែល​បានរៀបចំទុក​ជាមុនយ៉ាងម៉ត់ចត់​ ពីសំណាក់​ក្រុមហ៊ុនជប៉ុន​ នីសាន់​។ នេះ​ បើយោងតាម​ព័ត៌មានដំបូងបំផុត​ ដែល​លោកហ្គោន​បានប្រាប់ទៅកាន់​កាសែតជប៉ុន​ The Nikkei​ ក្នុងបទសម្ភាសន៍មួយ​នាថ្ងៃពុធ​នេះ​។

ភ្លាមៗ​ក្រោយពីបានឮ​នូវ​ការអះអាង​របស់លោកការឡូស​ ហ្គោន​ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​រថយន្តនីសាន់​ បានវាយបកវិញថា​ នាយកប្រតិបត្តិ​របស់ក្រុមហ៊ុននីសាន់​បច្ចុប្បន្ន​គឺលោក ហ៊ីរ៉ូតូ​ បាន​បដិសេដជាដាច់ខាត​ចំពោះ​ការលើកឡើង​របស់លោកការឡូស ហ្គោន​ដែលថា​ ការចាប់ខ្លួន​រូបលោក​គឺជាការរៀបចំទុកជាមុន​ និងជាអំពើក្បត់​។

បន្ថែមលើនេះ​ អ្នកនាំពាក្យដដែលនេះ​ បាននិយាយថា​ មូលហេតុពិតប្រាកដ​នៅពីក្រោយ​ការចាប់ខ្លួន​ លោកការឡូស ហ្គោន​ គឺដោយសារ​លោក​មានជាប់ពាក់ព័ន្ធ​នឹងការកេងបន្លំថវិកា​ខុសនឹងច្បាប់​របស់ប្រទេសជប៉ុន​។

សូមរឮកជូនថា​ លោក ការឡូស​ អតីតមេដឹកនាំសម្ព័ន្ធ​រថយន្តដ៏ល្បី​និងធំក្នុងលោក​ រឺណូ-នីសាន់-មីតស៊ូប៊ីស្ហី ត្រូវបាន​អាជ្ញាធរជប៉ុន​ចាប់ខ្លួនកាលពីថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ២០១៨ កន្លងទៅ​ ពីបទ​ពាក់ព័ន្ធកេងបន្លំថវិកា​។

លោកហ្គោន រងបទចោទចំនួន៣ ដាច់ដោយឡែកពីគ្នា ក៏ប៉ុន្តែ​ នៅគ្រាកន្លងមក​ លោកការឡូស ហ្គោន​បានបដិសេដ​ចំពោះរាល់ការចោទប្រកាន់​អស់​។ លោកហ្គោន​ ត្រូវព្រះរាជអាជ្ញាជប៉ុន​ចោទថាបាន មិនបានរាយការណ៍​អំពីចំណូលថវិកា​របស់លោក​នៅចន្លោះ​ឆ្នាំ ២០១០-២០១៥​ដែលមានចំនួន៤៦ ០០០ លានដុល្លារ​ និងបន្តធ្វើដូច្នោះទៀត​រយៈពេល​៣ឆ្នាំ។

មិនតែប៉ុណ្ណោះ​រហូតមកដល់ពេលនេះ​ ព្រះរាជអាជ្ញាជប៉ុន​ នៅតែបន្តឃុំខ្លួន​លោក ហ្គោន ហើយមិនព្រមអនុញ្ញាតឲ្យ​លោក​នៅក្រៅឃុំឡើយ​ ទោះបីជា​មានការស្នើសុំ​ ដោយបង់ប្រាក់ធានា​ជាច្រើនលើកច្រើនសារ​យ៉ាងណាក៏ដោយ​។ តុលាការជប៉ុនថា​ ការសម្រេចបែបនេះ​ គឺដោយសារបារម្ភខ្លាច​ លោកហ្គោន​ អាចទៅបំផ្លាញភ័ស្តុតាងបាន​ ពេលនៅក្រៅឃុំ​។

សូមជ្រាបថា​ ទោះបីជា​តុលាការជប៉ុន​សម្រេចបន្តឃុំខ្លួន​ លោកការឡូស​ ហ្គោន​ យ៉ាងណាក្តី​ ក៏ប៉ន្តែ​ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ​ តុលាការជប៉ុន​ នៅមិនទាន់បានរកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា​រូបលោក​ពិតជាបានប្រព្រឹត្ត​ដូចបទចោទប្រកាន់នោះទេ​។

ទាក់ទងនឹង​ការឃុំខ្លួនលោក​ហ្គោននេះដែរ​ ក្រុមគ្រួសាររបស់លោក​ បាននិយាយថា​ លោកហ្គោន​ កំពុងត្រូវ​គេដាក់ឲ្យស្ថិតក្នុងស្ថានភាពលំបាកពេកហើយ​។ មិនតែប៉ុណ្ណោះ​ នៅពេលថ្មីៗកន្លងមកនេះ​ សូម្បីតែ​លោកប្រធានាធិបតីបារាំង​អេម៉ានុយអែល ម៉ាក្រុង​ ក៏បាន​ចេញមុខរិះគន់​ចំពោះការបន្តឃុំខ្លួន​លោកការឡូស ហ្គោន​ ពីសំណាក់អាជ្ញាធរជប៉ុនដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here