នៅលើOnline store របស់ក្រុមហ៊ុន Microsoft នោះ យើងឃើញថា Windows 10 Proមួយមានតម្លៃប្រហែល199ដុល្លារ តែហៅហាងខាងក្រៅវិញ ពិសេសក្នុងប្រទេសយើង សង្កេតឃើញថាគេលក់ License Windows 10 Pro ដូចគ្នាត្រឹមតែតម្លៃ១៥ដុល្លារតែប៉ុណ្ណោះ។ បើសិនជាតម្លៃខុសគ្នាយ៉ាងដូចនេះ តើវាមានគុណភាពបែបណាដែរ?
បើសិនជាពិនិត្យឲ្យល្អិតល្អន់នោះ Windows 10 Pro ដែលគេបានដាក់លក់ក្នុងតម្លៃថោកនោះគឺប្រភេទម្យ៉ាងដែលដែលគេហៅថា OEM – Original Equipment Manufacturer។ Windows OEM គឺ លក្ខខណ្ឌដែលមួយដែលត្រូវបានប្រើប្រាស់ទៅលើក្រុមហ៊ុនផលិតកុំព្យូទ័រតែម្តង។ រាល់ម៉ាស៊ីនកុំព្យូទ័រដែលផលិតឡើង មិនថា Desktop ឬ Laptop នោះទេ គឺសុទ្ធមាន Windows មកជាមួយស្រាប់ អ៊ីចឹងហើយបានជាយើងទិញកុំព្យូទ័រ Brand ដូចជា Dell, HP ឬ Lenovo ជាដើមនោះ គឺអាចប្រើបានភ្លាមៗដោយមិនបាច់តម្លើង Windows ឡើយ។
តើ OEM Windows ខុសពី Windows នៅលើ Online store របស់Microsoft យ៉ាងដូចម្តេច?
ជាទូទៅយើងមិនចង់ទិញ Windows មកតម្លើងនោះទេ ដោយគិតថាពេលដែលទិញកុំព្យូទ័រមក គឺវានឹងមានស្រាប់ទៅហើយ តែយើងភ្លេចគិតម្យ៉ាងថាតម្លៃសម្រាប់ម៉ាស៊ីនកុំព្យូទ័រនោះគឺ គេបានបូករួមជាមួយនឹងតម្លៃរបស់ Windows មកស្រេចជាមួយទៅហើយ។
ចំពោះការប្រើប្រាស់ធម្មតាៗនោះ វាគ្មានទៅខុសគ្នាអ្វីនោះទេ គឺវាទាំងពីរជា Windows ស្របច្បាប់ដូចគ្នា ហើយអ្នកប្រើប្រាស់អាចប្រើរាល់មុខងារដែលមាន ព្រមទាំងទទួលកំណែសុវត្ថិភាពថ្មីៗរបស់ Windows បានដោយគ្មានបញ្ហា។
ចំពោះភាពខុសគ្នាតែម្យ៉ាងសំខាន់នោះគឺដំណោះស្រាយពេលមានបញ្ហា (Support) និងភាពបត់បែនពេលកំពុងប្រើប្រាស់ (Flexibility)។
ឧទាហរណ៍ថាបើសិនជាយើងទិញ Windows OEM យកមកដាក់នៅលើម៉ាស៊ីនរបស់យើង ហើយតម្លើងទៅមានបញ្ហាដូចជា តម្លើងមិនបានសម្រេច មិនអាច Activate បាន ឬខុស Driver ផ្សេងៗនោះ ហើយយើងទាក់ទងទៅកាន់ផ្នែកបំរើអតិថិជនរបស់ Microsoft នោះ ប្រកដជាគេឲ្យយើងទាក់ទៅក្រុមហ៊ុនផលិតកុំព្យូទ័រវិញហើយ។ នៅក្នុងករណីនេះ គឺយើងជាទទួលខុសត្រូវដោយខ្លួនឯងហើយ ព្រោះយើងទិញពីក្រុមហ៊ុនផលិតណា ត្រូវទាក់ទងក្រុមហ៊ុនផលិតកុំព្យូទ័រនោះ។
ភាពខុសគ្នាមួយទៀតនោះគឺបើសិនជាយើងទិញពីក្រុមហ៊ុន Microsoft នោះ យើងអាចយកទៅប្រើបានច្រើនជាងម៉ាស៊ីនតែមួយ តែសម្រាប់OEM វិញនោះ វានឹងកត់ប្រើបានតែម៉ាស៊ីនដំបូងគេដែល Activate Windows។ ករណីនេះវាគ្មានបញ្ហាអ្វីទេ តើបើម៉ាស៊ីនយើងខូចដល់ថ្នាក់ដូរ Mother board នោះ ប្រហែលជាយើងត្រូវចំនាយលុយទិញថ្មីហើយ។
តើយើងគួប្រើ OEM Key ឬទេ?
យើងមានចម្លើយមួយដ៏ខ្លីគឺ OEM Key អាចប្រើបានដោយគ្មានបញ្ហាអ្វីទាំងអស់ ព្រោះវាជាទំនិញផ្លូវការ។ ក្រៅពីអ្នកលក់នៅក្នុងស្រុក ក៏មានទីផ្សារ Online ធំៗកំពុងលក់វាដែរដូចជានៅលើ Amazon និង eBay ជាដើម។
មិនត្រឹមតែអាចសន្សំសំចៃថវិការបានច្រើននោះទេ គឺវាអាចបញ្ជៀសយើងពីការប្រើប្រាស់ Windows crack ដែលសុទ្ធតែបង្កប់មេរោគមួយជាមួយ ដែលផ្តល់ទុក្ខទោសដល់យើងនៅថ្ងៃក្រោយប៉ុណ្ណោះ។
បើសិនជាសម្រេចចិត្តប្រើប្រាស់ OEM Key ហើយ យើងគួតែត្រៀមចិត្តត្រៀមកាយដោះស្រាយបញ្ហាដោយខ្លួនឯងប៉ុណ្ណោះ បើសិនជារឿងកើតឡើង។ តែបើសិនជាប្រើ Windows មានអាជ្ញាបណ្ណត្រឹមត្រូវហើយ គួតែចៀសវាងប្រើកម្មវិធី crack ផ្សេងៗផងដែរ ព្រោះ Windows មានអាជ្ញាបណ្ណមិនមែនមានន័យថា វាអាចការពារឯកសាររបស់លោកអ្នកពីមេរោគផ្សេងៗនោះទេបាន។