ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំួយ ចាប់អារម្មណ៍ក្នុងការបំពាក់ Sensor ទៅកាន់ស្បែកជើងត្រួតពិនិត្យសុខភាព និងបម្លាស់ទីរបស់មនុស្សម្នាក់ៗ។ នេះបើតាមវេបសាយ CNBC។
ក្រុមហ៊ុន Verily បានបង្ហាញស្បែកជើងគំរូក្នុងគោលបំណងទាក់ទាញដៃគូផលិតស្បែកជើងនេះឲ្យចេញជារូបរាង។ នេះបើតាមអ្នកដែលស្និទ្ធនឹងគម្រោងនេះបង្ហាញក្នុងរបាយការណ៍។ Verily ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet ដែលគ្រប់គ្នាស្គាល់ជាក្រុមហ៊ុនមេរបស់ Google។
ក្រៅពីគម្រោងស្បែកជើងនេះ ក្រុមហ៊ុនផ្ដោតលើបញ្ហាសុខភាពនេះ ក៏មានគម្រោងចេញ Hardware មួយចំនួនដែរ រួមមានកញ្ចក់បិទភ្នែកឆ្លាតវៃ និងឧបករណ៍ទប់លំនឹងពេលទទួលទានអាហារ (Liftware) ដែលអាចឲ្យមនុស្សពិបាកគ្រប់គ្រងដៃអាចបរិភោគអាហារដោយទុកចិត្ត។
នៅខែមករា ក្រុមហ៊ុនទទួលបានមូលនិធិប្រមាណ ១ប៊ីលានដុល្លារ ពីក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យា Silver Lake។ ខណៈពេលនោះមិនមានព័ត៌មានលម្អិតពីការប្រើប្រាស់ថវិកាសម្រាប់អ្វីទេ ថ្វីបើនាយកប្រតិបត្តិក្រុមហ៊ុន Verily លោក Andrew Conrad លើកឡើងថាធ្វើការពង្រីកយុទ្ធសាស្ត្រផ្ដោតលើតំបន់ជាច្រើន៕
